ម៉ូតូ​សេ​១១០​ជិះ​លឿន​ជ្រុល​បុក​ម៉ូតូ​FTR បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​២​នាក់​

​ភ្នំពេញ​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១១០​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​FTR​ពីក្រោយ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម្ចាស់​ម៉ូតូ​បង្ក​បាន​រត់គេចខ្លួន​បាត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង ១០​នាទី​យប់ ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​សាលា​បឹងត្របែក តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីរ​វង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​FTR ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC-2788 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីរ​វង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​ចំណុច​មុខ​សាលា​បឹងត្របែក ក៏​ត្រូវ​យុ​ជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BP-5938 ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ម៉ូតូ​FTR ពីក្រោយ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​FTR​ដូល​បោកក្បាល​រងរបួស​ធ្ងន់ ចំណែក​ម្ចាស់​ម៉ូតូ​បង្ក​រង​របួសស្រាល ហើយ​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់​ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រងចាំ​ដោះស្រាយ​តាមច្បាប់​៕
photo 1

photo 2

photo 3