ជនសង្ស័យ​១​ក្រុម​ប្រដាប់​ដោយ​ដាវ​សុំា​ម៉ូ​រៃ និង​ដំបង​ធ្វើ​សកម្មភាព​វាយ​ប្លន់​ទ្រព្យសម្បត្តិ​ពី​យុវជន​៣​នាក់​បាន សម្រេច​ដោយ​សុវត្ថិភាព​

ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ ១០​នាក់ ប្រដាប់​ដោយ​ដាវ​សុំា​ម៉ូ​រៃ និង​ដំបង​គ្រប់​ដៃ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​យុវជន ៣​នាក់​អោយ​រងរបួស ប្លន់​យក​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​មួយចំនួន បានសម្រេច​ហើយ រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ដែល​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា ម៉ោង​១ និង ២០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រោម ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។​

ជនរងគ្រោះ​ទាំង​៣​នាក់​ក្នុង​អំពើ​ប្លន់​ខាងលើ​មានឈ្មោះ ទី​១​សុន យ៉ាប ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​២​ឈ្មោះ​មិ​ល វណ្ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ដូចគ្នា និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ព្រោះ​រត់គេចខ្លួន​បាត់ ។ ទាំង​បី​នាក់​មាន​មុខរ​បរជា​កម្មករសំណង់ ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ម្តុំ​ផ្សារ​ទួល​ទំពូង ក្នុង​ភូមិសាស្ត្រ​ខណ្ឌ ចំការមន​។​

យោង​តាម​សម្តី​រៀបរាប់​របស់​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍​កើតឡើង គឺ​ពួកគេ​ទាំង​៣​នាក់ ទើបតែ​ចេញ​មកពី​លេង​ផ្ទះ​បងប្អូន​នៅ​ម្តុំ​ផ្សារ​ឯករាជ្យ​៣​ដោយ​បាន​ជិះ​រ៉ឺម៉ក់​កង់​បី​មក​រហូត ដល់​ចំណុច​ក្រោម​ស្ពាន​អាកាស ស្ទឹង​មានជ័យ​ក៏​បាន​អោយ​រ៉ឺម៉ក់​កង់​បី​ឈប់ ហើយ​ពួកគេ​ទាំង​បី​នាក់ បាននាំគ្នា​ចុះ​មក​ឈរ​រងចាំ​មិត្តភក្តិ​ម្នាក់​ទៀត​នៅ​ខាង ក្រោម​ស្ពាន​អាកាស​ខាងលើ ។

ខណៈ​មក​ដល់​វេលា​កើត ហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម មាន​គ្នា​ប្រមាណ​១០​នាក់ ប្រដាប់​ទៅ​ដោយ​ដាវ​សុំា​ម៉ូ​រ៉ៃ និង កាំបិត រួមជាមួយ នឹង​ដំបង​ស្ទើរ​គ្រប់​ដៃ បាន​នាំគ្នា​ធ្វើ​សកម្មភាព​ភ្ជង់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​បំណង​ប្លន់​យក​ទ្រព្យ សម្បត្តិ ប៉ុន្តែ​ជនរងគ្រោះ​ទាំង​បី​នាក់ បាន​បដិសេធ​មិន​អោយ ទើប​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ សុំា​ម៉ូ​រៃ​កាប់​ទៅលើ​ជនរងគ្រោះ​ទាំង​បី​នាក់ ហើយ​ដោះ​យក​គ្រឿងអលង្ការ និង​លូក​យក​ទូរស័ព្ទ​ក៏ដូចជា​កាបូប លុយ​ពី​ជនរងគ្រោះ​ដោយ​ខ្លួនឯង ហើយ​នាំគ្នា​ព្យាយាម​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែម្តងទៅ ។ ចំណែក ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ ក្នុងនោះ​មាន​២​នាក់​រងរបួស​ធ្ងន់​គួរសម ចំណែក​ម្នាក់​ទៀត​ដោយសារ​ភ័យ​ស្ល​ន់ ស្លោរ​ពេក​បាន​រត់គេចខ្លួន​បាត់​ស្រមោល​សូន្យឈឹង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ធ្វើកា​រសាក សួរនាំ​ព័ត៌មាន​បន្ថែម​ពី​ជនរងគ្រោះ និង​ណែនាំ​អោយ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល បឹង​សាឡាង ប៉ុន្តែ​ជនរងគ្រោះ​បាន​បដិសេធ​មិន​ព្រម​ទៅ​ព្រោះ​មិន​ចង់​មានរឿង​វែង ឆ្ងាយ​បន្ត សូម្បីតែ​រថយន្ត សាមុយ​មក​ដឹកយក​ទៅ​សង្គ្រោះ​ក៏​មិន​ព្រម​ទៅ​ជាមួយ​ដែរ ព្រោះ​ខ្លួន​គឺជា​កម្មករ​សំណង់​គ្មាន​លុយ​នឹង​មើល​ថ្លៃ ព្យាបាល​របួស​នោះ​ទេ ដូច្នេះ​ហើយ​មាន​តែ​ហៅ​ម៉ូតូឌុប​អោយ​ដឹក​ត្រឡប់ទៅផ្ទះ​វិញ​តែប៉ុណ្ណោះ ៕
photo 1

photo 2

photo 3