គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ឆ្មក់​ស្ទាក់​ចាប់​ឆែក​អាវុធជាតិផ្ទុះ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១

​ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​សំណាក់​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ និង​មាន​ការចូលរួម​ពី​សំណាក់​លោក​កឹម រតនា អធិការរង​នគរបាល​ខណ្ឌ និង​មន្ត្រី​សណ្តាប់ធ្នាប់​មួយចំនួនទៀត រួម​ជាមួយ​កម្លាំង​អាវុធ​ខណ្ឌមានជ័យ នៅ​យប់​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ដឹកនាំ​កម្លាំង​ឆ្មក់​ស្ទាក់ចាប់​ឆែក​អាវុធជាតិផ្ទុះ និង ម៉ូតូ​ដែល​មិន​បាន​បំពាក់​មួក ឬ​កញ្ជក់​ត្រឹមត្រូវ និង ស្លាក​លេខ ខុស​ប្រក្រតី ( ពិនិត្រ​បច្ចេកទេស​យានយន្ត និង យាន្ត​ជំនិះ ) តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​
​ ​
សមត្ថកិច្ច​បាន​អោយ​ដឹក​ថា ការចុះ​ឆ្មក់​ស្ទាក់ចាប់​ឆែក​អាវុធជាតិផ្ទុះ ក៏​ដូចជា​ម៉ូតូ​គ្មាន​ស្លាក​លេខ មួក​កញ្ជក់​ត្រឹមត្រូវ​នេះ គឺ​ឡើង​ក្នុង​គោលបំណង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​អោយបាន​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ហើយក៏​ជា​សញ្ញា​មួយ​ក្នុង​ការ​ដាស់តឿន និង ព​ញ្ញាក់​អារម្មណ៍​របស់​បងប្អូន​មួយចំនួន ដែល​តែងតែ​បើកបរ​ក្នុង​ពេល​ស្រវឹង ហើយ​មិន​បាន​បំពាក់​កញ្ជក់ ក៏ដូចជា​មួក​សុ​វត្ថ​ភាពត្រឹមត្រូវ និង​ជា​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ចំពោះ ជន​ប្រដាប់អាវុធ​មួយ​ចំនួន​ធំ ដែល​តែងតែ​ង​ប្រើប្រាស់​អាវុធ​ក្នុង​ការបាញ់បោះ​សេរី ក៏ដូចជា​ឆក់ ប្លន់ ឬ​ក៏​បង្ក​ជា​ករណី​ផ្សេងៗ ពេល​ចរាចរណ៍​លើ​ដងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ករណី​បាញ់​បោះ​ផ្សេងៗ​ដែល​ធ្លាប់​កើតហេតុ​មាន​នា​ពេលកន្លងមក​។ ហើយ​ប្រតិបត្តិការ នេះ​ដែរ​គឺ​ធ្វើឡើង​ដោយ​អនុវត្តន៍​តាម​បញ្ជារ​របស់​លោក​អភិបាលខណ្ឌ ពេជ្រ កែវ​មុនី ដែល​លោក​តែងតែ បញ្ជារ​អោយ​មន្ត្រីក្រោមឱវាទ​ទាំងអស់ ធ្វើ​យ៉ាង​ប្រើ​គ្រប់​វិធី​ក្នុង​ចាត់ការ​ទៅ​លើ​ជនប្រដាប់អាវុធ​ខុសច្បាប់ មួយចំនួន​ដែល​តែងតែ​បង្ក​ភាពអសន្តិសុខ និង​ចលាចល​ផ្សេងៗ ក្នុង​សង្គម​ជាតិ ដើម្បី​ការពារ​សុ​វត្ថ​ភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន អោយស្រប​ទៅតាម​គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វត្ថ​ភាព របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​៕

ក្នុង​ប្រតិបត្តិការ​ជាង​២​ម៉ោង នេះដែរ សមត្ថកិច្ច​មិន​បាន​រកឃើញ អាវុធ ក៏​ជា​ជាតិ​ផ្ទុះ​ផ្សេងៗ នោះទេ គឺ​ឃាត់​បាន​តែ​ម៉ូតូ​ដែល​មិន​បាន​បំពាក់​មួក ក​ញ្ជក់ និង​ស្លាក​លេខ​ខុស​ប្រក្រតី មួយចំនួន​យក​មក​ធ្វើការ​ពិន័យ​ប៉ុណ្ណោះ​។​

ហើយ​សូម​បញ្ជាក់​ផងដែរ​ថា នេះ​គឺជា​គំរូ​ដ៏​ល្អ​មួយ​ផងដែរ សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ ដែល​តែងតែ​ដាក់ពង្រាយ​កម្លាំង ក៏ដូចជា​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្ទាក់​ឆែក​អាវុធជាតិផ្ទុះ​បែបនេះ​។ ហើយ ជាពិសេស​កាលពី​កន្លងមក ក៏​ធ្លាប់​មាន​ការស្ទាក់ចាប់​ឆែកឆេរ​អាវុធជាតិផ្ទុះ និង​ពិនិត្រ​បច្ចេកទេ​សយាន ជំនិះ​បែបនេះ​ជារឿយៗ ផងដែរ សម្រាប់​ខណ្ឌមានជ័យ​ខាងលើ​។
photo 2

photo 3

photo 4