អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បញ្ជូន​ឃាតករ​សម្លាប់​និស្សិត​វ៉ាន់ដា មក​តុលាការ​សាកសួរ​បន្ថែម​

ភ្នំពេញ ៖ មន្ត្រី​អនុរក្ស​ពន្ឋនាគារ​ព្រៃ​ស បាន​ថ្លែងឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​០៩ ខែ​ធ្នូ សមត្ថកិច្ច​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ ហុង កាលី​ឌី​ន មក​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ជុំវិញ​ការចោទប្រកាន់​ពីបទ សម្លាប់​សង្សារ​ជា​និស្សិត​វ៉ាន់ដា កាលពី​កន្លងមក ។ គិត​ត្រឹម​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​នេះ ចៅក្រម​ស៊ើបសួរ លោក ស្វាយ តុ​ញ ពុំ​ទាន់​បញ្ចប់​ការសាកសួរ នៅឡើយ​ទេ ។​

​ជន​ត្រូវ​ចោទ ឈ្មោះ​ហុង កាលី​ឌី​ន អាយុ​២៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មុខរបរ​អចិន្រៃ្តយ៍ ជាង​ជុស​ជុល​កុំព្យូទ័រ​និង ជា​មន្ត្រី នគរបាល​ទើប​ប្រលង​ជាប់ ត្រូវបាន​តុលាការ​ចោទប្រកាន់ ចំនួន ៣​បទល្មើស គឺ បទ​ឃាតកម្ម បទ​ប្រើប្រាស់​គ្រឿងញៀន និង បទ​កាន់កាប់ អាវុធ​ខុសច្បាប់ ។​

​ជន​ត្រូវ​ចោទ ហុង កាលី​ឌី​ន ត្រូវបាន​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ ក្នុង​ហាង​កាហ្វេ​ដាលីន តាម បណ្ដោយ​ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា បន្ទាប់​ពី​សាកសព​នារី រងគ្រោះ​ឈ្មោះ សុង ដាវិន ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត ក្នុង​ទឹកទន្លេ កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៤ មុខ​បឋមសិក្សា​ជ្រោយចង្វា ៕
photo