ស្រវឹង​បើករថយន្ត បុក​ដើម​ក្ងោក បណ្តាលអោយ​រងរបួស​ធ្ងន់​ខ្លួនឯង​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​រូបគេ​ស្រវឹង​បើករថយន្ត​មួយគ្រឿង​ម៉ាក​នី​សាន់ ១​បាំង កន្លះ ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​ផ្ទប់​នឹង​ដើម​ក្ងោក​ពេញទំហឹង នៅ​ចំណុច​ខាងលិច​ស្តុប​នាគ​វ័ន្ត ប្រមាណ​២០​ម៉ែត្រ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា ម៉ោង ២២ និង ១៥​នាទី​យប់​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៤​។​

យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្គេត​ឃើញ យុវជន​រងគ្រោះ​ខាងលើ​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​នី​សាន់ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B – 7963 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន និង​ស្ថិត​ក្នុង សភាព​ស្រវឹង​ជោគជាំ​ផងដែរ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ល្បឿន​រេ​ចង្កូត​បុក​ផ្ទប់​នឹង​ដើម ក្ងោក​ពេញទំហឹង​បណ្តាល​យុវជន​ជា​ម្ចាស់​រថយន្ត​ត្រូវ​បោក​ក្បាល​ផ្ទប់​ទៅ​នឹង​កញ្ចក់​ផ្នែក​ខាង​មុខ​នៃ​រថយន្ត រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក​រថយន្ត​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង ស្ទូច​យក រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​នាពេល ក្រោយ​។ សូម​បញ្ជាក់​ផង​ដែរ ករណី​ខាងលើ​នេះ​គឺ​បង្កឡើង​ដោយសារ​យុវជន​ជា​ម្ចាស់​រថយន្ត​នី​សាន់​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន និង​ជា​ពិសេស​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​ផងដែរ ទើប​បណ្តាលអោយ​មាន​រឿង​ហេតុ ដូចនេះ​កើតឡើង​តែម្តងទៅ ៕
photo 1

photo 2

photo 3

photo 4

photo 5