រថយន្ត​ហី​ណូ​ដឹក​ដី​ចុះ​ពីលើ​ស្ពាន​ដាច់​ហ្វ្រាំង ជ្រុល​បុក​រះ​ម៉ូតូ​និង​រថយន្ត​ជាច្រើន​គ្រឿង ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​បណ្តាល​អោយ​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ និង​យុវជន​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​បុរស​ម្នាក់​បើករថយន្ត ហី​ណូ​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង ចុះ​ពីលើ​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី ដាច់​ហ្វ្រាំង​ជ្រុល​បុក​រះ​ម៉ូតូ​៦​គ្រឿង និង រថយន្ត​៣​គ្រឿង​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ០០​នាទី​ល្ងាច​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ត្រើយ​ខាងកើត​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ស្ថិត​តាម​បណ្តោ​ផ្លូវជាតិលេខ​១ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ។​

ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មានឈ្មោះ ជុំ យឿន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នករត់​ម៉ូតូឌុប មាន​ស្រុកកំណើត នៅ​ភូមិ​សំរោង ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ​។​
​ ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ​រថយន្ត​ហ៊ី​ណូ​ដឹក​ដី​ធុន​ធំ​មួយគ្រឿង ពណ៌​ត្រេអី បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហម អឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តី​តាកុយ សង្កាត់​និរោធិ៍ ខណ្ឌ​ច្បារអំពៅ បើកបរ​ធ្វើដំណើរ​តាម​បណ្តោ​ផ្លូវ​ព្រះមុន្នីវង្ស ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី បំណង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ខណៈ​មក​ដល់​ចំណុច​ត្រើយ​ខាងកើត​ស្ពាន ស្រាប់តែ​រថយន្ត​ត្រូវ​ដាច់​ហ្វ្រាំង បណ្តាល​អោយ​ជ្រុល​ល្បឿន ចុះមក​ក្រោម បុក​រះ​ម៉ូតូ​ចំនួន​៦ គ្រឿង និង រថយន្ត​បី​គ្រឿង ដែល​រួម​មាន​រថយន្ត​កាមរី​បា​ឡែន រថយន្ត​ណា​វ៉ា​រ៉ា និង​រថយន្ត​ឡង់​គ្រីស័រ បណ្តាល​អោយ​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ម៉ូតូ​សង់​មួយ​គ្រឿង​ក្នុង​ចំនួន ម៉ូតូ​ទាំង​៦​គ្រឿង​ដែល​ត្រូវ​រថយន្ត​បង្ក​បុក ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ និង​យុវជន​ម្នាក់​ត្រូវ​រង​របួសស្រាល ចំណែក​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​អូស​ម៉ូតូ​របស់​បុរសរងគ្រោះ​ជាង ៥០​ម៉ែត្រ ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ទើប​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​។ ចំណែក​ម៉ូតូ​ទាំង​៦​គ្រឿង និង​រថយន្ត​៣​គ្រឿង រួម​ទាំង​រថយន្ត​បង្ក​ត្រូវ​រង​ការខូចខាត ។ ហើយ​ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង និង​ស្ទូច​យក​ទាំង​ម៉ូតូ និង​រថយន្ត​ជនរងគ្រោះ​ទាំង​៩​គ្រឿង រួម​ទាំង​ឃាត់​ទាំង​អ្នកបើក​រថយន្ត​បង្ក​និង​រថយន្ត ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
photo 1

photo 2

photo 3

photo 4

photo 5