កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ ឃាត់ខ្លួន​ចោរ​កាច់ករ ម៉ូតូ បាន​២​នាក់​

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​ស្ទឹងមានជ័យ ដោយ​មាន​ការដឹកនាំ និង​បញ្ជារ​កម្លាំង​ផ្ទាល់​ពី​សំណាក់​លោក​ជឹម ស៊ីថា អធិការ​ស្តីទី​នគរបាល​ខណ្ឌ បាន​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​មុខសញ្ញា​ចោរ​កាច់ករ​ម៉ូតូ​ម៉ាក សង់​សេ​១២៥ បាន​ពីរ​នាក់ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​កាច់ករ​ម៉ូតូ​ខាងលើ​បាន​សម្រេច​តាំងពី​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ​២០១៤ មក​ម្លេះ នៅ​ចំណុច​លូ​៥ ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទី​១​មាន​ឈ្មោះ​ចែម រី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មុខរបរ​ជា​ជាង​ធ្វើ​ម៉ូតូ និង​ទី​២​ឈ្មោះ ហម វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​ជា​អ្នក​រើស​អេតចាយ​។

មុន​នឹង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ គឺ​សមត្ថកិច្ច​បាន​អនុវត្តន៍​ទៅតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ឡើង​តែម ២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1J-6309 បានមក​ធ្វើការ​ដាក់ពាក្យ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ បន្ទាប់​ពី​ម៉ូតូ​របស់​ខ្លួន​ត្រូវបាន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បានធ្វើ​សកម្មភាព​កាច់ករ បានសម្រេច​តាំងពី​ថ្ងៃ​ទី​១​មក​ម្លេះ ទើប​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​តែ​ម្តង​ទៅ ។

យោង​សម្តី​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់ គឺ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាច់ករ​ម៉ូតូ សេ​១២៥ ខាងលើ​ពិតប្រាកដ​មែន ហើយ​ក្រោយពេល​ដែល​ធ្វើ​សកម្មភាប​បានសម្រេច​ហើយ​នោះ ខ្លួន បាន​ជិះ​ម៉ូតូ​ខាងលើ​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ ចំនួន​៣០០​ដុល្លារ យក​មក​ចាយវាយ​យ៉ាង​សប្បាយ​ហ៊ឺហារ ។ លុះ​មកដល់​ថ្ងៃទី​៦ ខែ​ឆ្នាំ​ដដែល​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​ត្រូវជា​មិត្តភក្តិ​របស់​ជនសង្ស័យ​មានបំណង ចង់​លួស​យក​ម៉ូតូ​ខាងលើ​យក​មក​ជិះ ទើប​ប្រាប់​ទៅ​ឈ្មោះ​ហម វាសនា​ថា “ យក​សំបុត្រ​បញ្ចាំ​ម៉ូតូ​មក ហើយ​ជូន​អញ់​ទៅ​លួស​ម៉ូតូ​ដែល​បាន​បញ្ចាំ​នោះ​យកមក​ជិះ . អញ់​នឹង​អោយ​លុយ​ចាយ​ខ្លះ ” ។ លឺ​ដូច​នោះ​ឈ្មោះ​ហម វាសនា បាន​ជូន​មិត្តភក្តិ​របស់​ខ្លួន​ទៅ​ឃ្លាំង​រំសេវ​បំណង ទៅ​លួស​ម៉ូតូ​ខាងលើ​វិញ ប៉ុន្តែ​ពេល​ដែល​ឈ្មោះ​ហម​វាសនា​ជិះ​ទៅដល់​កន្លែង​បញ្ចាំ​ភ្លាម ស្រាប់តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​សាឡាង ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ រហូត​ឈានដល់​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​មានឈ្មោះ​ចែម រី បាន​សម្រេច​ក្នុង​ថ្ងៃ​តែ​មួយ​។

ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ទាំង​ពីរ​នាក់​នៅ ២​ទីតាំង ផ្សេងគ្នា ដែល​ជនសង្ស័យ​ទី​១​ឈ្មោះ​ហម វាសនា ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង ១​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុចម្តុំ​ឃ្លាំង​រំ​សេវ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក និង​ទី​២​ឈ្មោះ​ចែក រី ត្រូវ​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​ប៉េតុង​មួយ​កន្លែង​ក្នុង​ភូមិ​ត្នោតជ្រុំ​១​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​បញ្ចូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋា​ន​នគរបាល​ខណ្ឌ​មានជ័​យ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ រងចាំ​ធ្វើ​ការទំនាក់ទំនង​ទៅ​ម្ចាស់​ម៉ូតូ​អោយមក​ទទួលយក​ទៅ​វិញ ៕

photo 1

photo 2