ឪពុក​-​ម្តាយ ប្អូនប្រុស​បង្កើត និង​ភរិយា​ទី​២ របស់​លោក​ឧកញ៉ា ថោង សារ៉ាត់​បញ្ជូន​ដល់​សាលា​ដំបូង​ហើយ​

​ភ្នំពេញ​៖ នៅ​ម៉ោង ៨ និង​២៨​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ឪពុក​-​ម្តាយ ប្អូនប្រុស​បង្កើត និង​ភរិយា​ទី​២ របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ​បញ្ជូន​ដល់​សាលា​ដំបូង​ហើយ ដើម្បី​ឲ្យ​មន្ត្រី​តុលាការ​​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំ ពេញ កញ្ញា វ៉ា ស​ក្កដា​ចាប់ផ្តើម​បើក​ការសាកសួរ​។​

ជន​ទាំង​៤​នាក់​ដែល​បញ្ជូន​មក​តុលាការ​នា​ព្រឹក​នេះ​មាន លោក ថោង ចំរើន លោកស្រី កែវ សារី មន្ត្រី​យោធា​ស័ក្តិ​៤​កន្លះ​នៅ​ក្រសួង​ការពារជាតិ លោក ថោង បូ​ណា ដែល​ត្រូវជា​ឪពុក​-​ម្តាយ ប្អូនប្រុស​បង្កើត រួម​និង អ្នកស្រី ទាវ ធីតា អាយុ ២៣​ឆ្នាំ ភរិយា​ទី​២ របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ផងដែរ នោះ ត្រូវបាន​សមត្ថកិច្ច​អះអាង​ថា បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​២ គឺ​ការ​លាក់ទុក​អាវុធ​ខុសច្បាប់ និង​ការព្យាយាម រាំង​ការងារ​សមត្ថកិច្ច លាក់បាំង​ជនល្មើស​។​

​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ជួន ណា​រិន្ទ ស្នង ការរង​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ផ្កាយ​៣ ជួន សុវណ្ណ កាល ពី​រាត្រី​ថ្ងៃទី​៣ ខែ​ធ្នូ បាន​ប្រតិបត្តិ​ការឆែកឆេរ​ក្នុងផ្ទះ​ឧកញ៉ា ថោង សារ៉ាត់ មេខ្លោង​នៅ​ពីក្រោយ​ការបាញ់​សម្លាប់​ឧក ញ៉ា អ៊ឹង ម៉េង​ជឺ ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បាន​រកឃើញ​កាំភ្លើងខ្លី​ចំនួន ៦​ដើម ក្នុងនោះ ២ ដើម បាន​បំពាក់​ឧបករណ៍​បាញ់​មិន​ឮ​សំឡេង​ថែមទៀត​ផង​។​

​សូម​បញ្ជាក់​ជុំវិញ​ករណី​ឃាតកម្ម​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ រហូត​ដល់​ល្ងាច ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុខ​ឡេង បានចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធ នា​គារ ព្រៃ​ស លើ​អង្គរក្ស​របស់​ឧកញ៉ា ថោង សារ៉ាត់ ទាំង​៤​រូប ជា​ជនដៃដល់​ហើយ​។ លោក​ចៅក្រម លី សុខ ឡេង បានសម្រេច ចោទប្រកាន់​ជន​ដៃដល់​ទាំង​៤​នាក់ ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​។ បើ​តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​បទ​ចោទ ប្រកាន់​ឃាតកម្ម​គិត​ជា​ទុក​មុន ជនជាប់ចោទ​ទាំង​៤​នាក់ អាច ជាប់​ពន្ធនាគារ​អស់​មួយជីវិត​។​

​អង្គរក្ស​ទាំង​៤​នាក់ ដែល​លោក លី សុខ​ឡេង សម្រេច​ចោទប្រកាន់​នេះ រួមមាន​៖ ឈ្មោះ សៀង វាសនា ជា​អ្នក បាញ់ប្រហារ​, ទី​២. ឈ្មោះ​លី សៅ ជា​ជនជាតិ​វៀតណាម អ្នក​ឌុប​ជនដៃដល់​, ទី​៣ ឈ្មោះ មាស សម្បត្ដិ ជា​អ្នក​ជិះ ម៉ូតូ​បិទគូទ និង​ទី​៤. ឈ្មោះ កុយ ចាន់ថុល ជា​អ្នក​ជិះ​ពីក្រោយ​ជា​មួយ មាស សម្បត្ដិ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​ថា តើ ជនរងគ្រោះ​ស្លាប់​ហើយ​ឬ​នៅ​?

​សូមបញ្ជាក់​ថា ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅ​ស៊ីម៉ង់តិ៍​ត្បូង​ពេជ្រ និង ម្ចាស់​ហាង​លក់​គ្រឿងអលង្ការ​ហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់​ជា​ច្រើន​គ្រាប់​កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពេល​កំពុង​ចុះ​ទិញ​ផ្លែឈើ​នៅក្បែរ ពហុ​កីឡដ្ឋាន​អូរ​ឡាំ​ពិ​ក​។​

កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រើ​ជំនាញ​របស់​ខ្លួន បើក​ការស៊ើបអង្កេត​ឃាតកម្ម​ដ៏​ឃោរឃៅ​កណ្តាល​រាជ ធានី​ភ្នំពេញ ដែល​ផ្តើម​ចេញពី​ជម្លោះ​ក្នុង​មុខ​ជំនួញ​រវាង​ឧកញ៉ា និង​ឧកញ៉ា ដែល​សុទ្ធតែ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ ស្តុកស្តម្ភ ដោយ​ប្រើ​រយៈ​ត្រឹម​ជាង​មួយ​សប្តាហ៍​បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​៕
photo 1

photo 2

photo 3

photo 4