ACU ចេញ​លិខិត ព្រមាន​មន្ត្រី​២​រូប​

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង អំពើពុករលួយ (ACU) ចេញ​លិខិត ព្រមាន​ចំនួន ពីរ​ដាច់​ដោយ ឡែក​ពី​គ្នា​ទៅ លើ​លោក ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម និង​លោក ភី ឡងឌី ប្រធាន​មន្ទីរ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​ប៉ៃលិន​។​

​យោងតាម​លិខិត​ចំនួន​ពីរ​ច្បាប់ ដែល​ចុះហត្ថលេខា​ដោយ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៤ បានឲ្យដឹងថា មូលហេតុ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​លិខិត​ព្រមាន​ទៅ លោក ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​កម្ពុជា ដោយសារតែ​លោក មិន​ប្រិត​ព្រៀង​ឲ្យបាន​ហ្មត់ចត់​នូវ​របាយការណ៍​ប្រើប្រាស់​ថវិកា​គម្រោង​។ ចំពោះ​លោក ភី ឡងឌី ប្រធាន​មន្ទីរ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ដោយសារតែ​លោក​ធ្វេសប្រហែស​មើលស្រាល​ការងារ និង​ចំណាយ​ថវិការដ្ឋ​ធ្វើឲ្យ​របាយការណ៍​មិន​ឆ្លុះបញ្ចាំង​ការពិត​។​

​ចំពោះ​លោក​ទាំង​ពីរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​តម្រូវឲ្យ​ផ្លាស់ប្ដូ​ររបៀបរបប​ធ្វើការ​ចាប់ពី​ថ្ងៃ​ព្រមាន​នេះ​តទៅ​ដូចជា បញ្ឈប់​រាល់​ការប្រព្រឹត្ត​សកម្មភាព ឬ​កំហុសឆ្គង​ដែល​មានចែង នៅ​ប្រការ​១ ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​, គោរព​កាតព្វកិច្ច​ក្នុង​ការងារ​ឲ្យបាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​, មិន​ផ្ដល់​ថវិកា​ទៅ​ខុស​គោលដៅ​ដែល​បានកំណត់​, បំពេញ​ការងារ​ដោយ​គោរព​ក្រមសីលធម៌ មន្ត្រីរាជការ សហការ​យ៉ាង​សកម្ម​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ការផ្ដល់​ព័ត៌មាន​លើ​ករណី​មិន​ប្រក្រតី សំដៅ​កាត់បន្ថយ​និង​ទប់ស្កាត់​អំពើពុករលួយ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ គេហរ​ទំព័រ ដំណឹង​យប់មិញ មិនអាច​ទាក់ទង​លោក ហុក គឹម​ចេង និង​លោក ភី ឡងឌី ដើម្បី​សុំ​ការបំភ្លឺ​ឆ្លើយតប​ទៅ​នឹង​អង្គភាព ប្រឆាំង​អំពើពុករលួយ​បានទេ​។​

​លិខិត​ព្រមាន​របស់​អង្គភាព​ប្រឆាំង អំពើ​ពុករលួយ​ដដែល​បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​ការព្រមាន បើ​សាមីខ្លួន​បន្ត​ប្រព្រឹត្ត​ខុសឆ្គង​ទៀត ដោយ​ខកខាន​មិន​បាន បំពេញ​កាតព្វកិច្ច​ណាមួយ និង​កាតព្វកិច្ច​ផ្សេង​ទៀត​តាម​ច្បាប់​ជា​ធរមាន អង្គភាព​ប្រភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចាត់វិធានការ​ថ្មី​តាម​ច្បាប់ នីតិវិធី​ជា​ធរមាន​។​

​ក្នុងនោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បន្ថែមទៀតថា សាមីខ្លួន​ត្រូវអនុវត្ត​សេចក្ដីសម្រេច​នេះ ឲ្យបាន​សម្រេច ហើយ​ត្រូវ​ធ្វើ​ស្វ័យ​របាយការណ៍ ពី​ការបំពេញ​ភារកិច្ច​មក​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ៣​ខែម្ដង​សម្រាប់​រយៈពេល​មួយឆ្នាំ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕