ព័ត៌មាន​ជុំវិញ​ការឃាត់ខ្លួន​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ ៣​នាក់​កំពុង​ស្ថិត​ក្រោម​ការតាមដាន​ពី​មហាជន

ករណី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ ៣​នាក់​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤ កំពុង​ធ្វើឲ្យ​មហាជន​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ សូមបញ្ជាក់​ថា​នៅពេល​សមត្ថកិច្ច​ឃាត់​រថយន្ត​ឧកញ៉ា ថោង សារ៉ាត់ គឺ​មាន​ការ​នាំខ្លួន​ឧកញ៉ា​រូប​នេះ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផងដែរ ប៉ុន្តែ​បន្ទាប់​មក​សមត្ថកិច្ច​បា​ន​អនុញ្ញាត​ឲ្យ​ឧកញ៉ា ថោង សារ៉ាត់ វិល​ត្រទ្បប់ទៅផ្ទះ​វិញ ហើយ​ទុក​តែ​អង្គរក្ស​៣​នាក់​ដើម្បី​សួរនាំ​តាម​នីតិវិធី​។ ការឃាត់ខ្លួន​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ ៣​នាក់​គឺ​ជាប់​សង្ស័យ​ពី​បទ​ឃាតកម្ម​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​ស្រីមុំ ក្បែរ​ពហុ​កីទ្បដ្ឋាន​ជាតិ​អូរ​ទ្បាំ​ពិក​។​

​សំណុំរឿង​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយសារ​តែ​កាមេរ៉ា​សុវត្ថិភាព​បាន​ចាប់​យក​រូបភាព​របស់​ឃាតក​យ៉ាងច្បាស់ ហើយ​ឃាតក​ដៃដល់​ត្រូវបាន​គេ​ដឹងថា មាន​មុខមាត់​ស្រដៀង​អង្គរក្ស​ម្នាក់​ក្នុងចំណោម​អង្គរក្ស​ទាំង​៣​នាក់​របស់​ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ នៅពេលដែល​សមត្ថកិច្ច​តាម​ឃាត់​រថយន្ត​របស់​ឧកញ៉ា ថោង សារ៉ាត់ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤ ហៀបនឹង​មាន​ការផ្ទុះអាវុធ​ដាក់​គ្នា​ផង​ដែរ ព្រោះ​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ សុទ្ធតែ​កាចៗ​ហើយ​ដោយសារ​តែ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មាន​គ្នា​ច្រើន និង​ភ្ជង់​កាំភ្លើង​អាកា​បាន​មុន ទើប​អង្គរក្ស​ទាំងនោះ​មិន​ហ៊ាន​កម្រើក​។ ព័ត៌មាន​នេះ ត្រូវ​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ព្រោះ​ឧកញ៉ា ថោង សារ៉ាត់ ជា​មេ​ឈ្មួញ​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​រឿង​រកស៊ី​មិន​ត្រឹមត្រូវ​បោកប្រាស់​អតិថិជន​របស់​ខ្លួន​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា នៅ​ពេល​នាំ​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ ទាំង​៣​នាក់​នោះ​ទៅដល់​ស្នងការដ្ឋាន​ត្រូវបាន​កម្លាំង​ជំនាញ​ដកហូត​កាំភ្លើងខ្លី​សុទ្ធតែ​ម៉ាក​លុក​ចំនួន​២​ដើម​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​យក​កាំភ្លើង​ខ្លី​នោះ​ទៅ​បាញ់​សាក​៥​ទៅ​៦​គ្រាប់ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​កោសល្យវិច័យ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​។ មកដល់ពេលនេះ​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​អំពី​លទ្ធផល​យ៉ាង​ណា​នៅ​ទ្បើយ​ទេ ព្រោះ​សំណុំរឿង​នេះ​ពាក់ព័ន្ធ​អ្នកមាន​លុយ អ្នកមានអំណាច ហើយ​ជម្លោះដីធ្លី​គឺជា​ប្រភព​នៃ​បញ្ហា​។ ហេតុនេះហើយ ទើប​មហាជន​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុង​ការវែកមុខ​ជនដៃដល់​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់​៕

Onha-01-25-November-2014-09-11-54-67779 photo 5 photo 1 photo 4

​ដោយ​៖ មនសិការ​ខ្មែរ