ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បាន​សម្រេច តែ​អកុសល​ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់​វាយ សន្លប់​ស្តូកស្តឹង​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ​នាំគ្នា​ព្រួត​វាយ​បណ្តាល​អោយ សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​ភ្លាមៗ បន្ទាប់​ពី​ជនសង្ស័យ​រូបនោះ ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​នារី​ម្នាក់​បាន សម្រេច​នៅ​ចំណុច​ទល់មុខ​នឹង​មន្ទីរពេទ្យ​ព្រះអង្គដួង កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ ត្រូវបាន​អ្នកដំណើរ​ដែល​បានឃើញ នាំគ្នា​ជិះ​ដេញ​តាម​រហូតដល់​ចំណុច​ទល់ មុខ​នឹង​ធនាគារ​កាណាឌីយ៉ា ជាប់​នឹង​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះ​ចត ខណ្ឌដូនពេញ ទើប​ធ្វើការ​ឃាត់​បាន ហើយ​នាំគ្នា​ព្រួត​វាយ​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២០ និង ០០​នាទី​យប់​ថ្ងៃទី ១ ខែ​ធ្នូ ឆ្នាំ​២០១៤​។​

យោង​តាម​សម្តី​រៀបរាប់​របស់​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល កើតហេតុ​គេ​សង្គេត​ឃើញ នារី​ម្នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ជិះ​ធ្វើ​ដំណើរ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កែង​មន្ទីរពេទ្យ​ព្រះអង្គដួង ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Duke ពណ៌​លឿង​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU-6566 ជិះ​មក​ពី​ក្រោយ រួម​ធ្វើ សកម្មភាព​ឆក់​កាបូប​ពី​នារី​រងគ្រោះ​ខាងលើ​បានសម្រេច រួម​ហើយ​រូបគេ បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវបាន អ្នកដំណើរ​ដែល​បាន​ឃើញ​ហេតុការណ៍ បាន​នាំគ្នា​ជិះ​ដេញតាម​ពីក្រោយ​ជាច្រើន​ម៉ូតូ ហើយ​នាំគ្នា​ស្រែកថា ចោរ យ៉ាងខ្លាំងៗ ធ្វើអោយ​ជនសង្ស័យ​រូបនោះ ភ័យ​ស្លន់ស្លោរ​ខ្លាំងពេក ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ផ្សេងទៀត នៅ​ចំណុច​ទល់មុខ​នឹង​ធនាគារ​កាណាឌីយ៉ា​ង ជាប់​នឹង​ផ្លូវ​ព្រះមុន្នីវង្ស បណ្តាលអោយ​ដួល​ទៅ​នឹង​ថ្នល់ ទើប​ត្រូវ ប្រជាពលរដ្ឋ  ក៏ដូចជា​អ្នកដំណើរ​នាំគ្នា​ព្រួត​វាយ​ម្នាក់ ១​ដៃ ១​ជើង បណ្តាលអោយ​រងរបួស​សន្លប់​ស្តូកស្តឹង​តែម្តង ទៅ​។​

​ក្រោយ​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​បាន ធ្វើការ​នាំខ្លួន​ជនសង្ស័យ និង​ម៉ូតូ​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះចក រងចាំ​ជនសង្ស័យ​ដឹង​ខ្លួន​ទើប​ធ្វើការ​សួរ នាំ​បន្ត រួច​បញ្ចូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋា​ន​នគរបាល​ខណ្ឌ​ដូនពេ​ញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ។ ចំណែក​កាបូប ដែល​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​ឆក់​នោះ ត្រូវបាន​ប្រគល់​ជូន​ម្ចាស់​គេ​វិញ ហើយក៏​មិន​បាត់​បង់ទ្រព្យ ស​ម្ប​តិ្ត​អ្វី​នៅ​ក្នុង​កាបូប​ដែរ គឺ​នៅ​ល្អ​ដូច​ដើម​៕
photo 1 photo 2 photo 3 photo 4 photo 5