ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​រិះគន់ លើ​សមត្ថកិច្ច​បុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ ថា​គ្មាន​សមត្ថភាព​ធ្វើការ ព្រោះ ឃើញ​ជន​បង្ក​នៅ​នឹង​ភ្នែក​ហើយ​មិន​ឃាត់ខ្លួន​

​ភ្នំពេញ​៖ ហេតុការណ៍​ដែល​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ហួសចិត្ត និង​បាន​រិះគន់​សមត្ថកិច្ច​យ៉ាងខ្លាំង ដោយសារ​តែ​បុរស​ម្នាក់​ជា​ប្រជា​ការពារ បាន​នាំ​កូនប្រុស​២​នាក់ ប្រដាប់​ដោយ​ដាវ​សាមូរ៉ៃ មក​កាប់​លើ​បុរស ម្នាក់​ដែល​ជា​ប្រជា​ការពារ​ដូចគ្នា ព្រោះតែ​រឿង​ពាក្យសំដី​បន្តិច​បន្ទួច​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​កម្លាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ជិត​ទីនោះ​មក​ទាន់​ឃើញ​ជន​បង្ក តែ​មិន​បាន​ធ្វើ​ការឃាត់ខ្លួន​នោះទេ បែរ​ជា​ដោះលែង ឱ្យ​រួច​ខ្លួន​ទៅវិញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខាងត្បូង​ក្លឹប​កំសាន្ត អា​រី​ណា ស្ថិតក្នុង​ភូមិ​ទី​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។
​    ​
តាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ ពេញ ចក អាយុ​ជាង​៤០​ឆ្នាំ ជា​ប្រជា​ការពារ​ប្រចាំ​ភូមិ​ទី​៤ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​មួយគ្រឿង ល្បាត​នៅក្នុង​តំបន់​ភូមិសាស្ត្រ​របស់​គាត់​ដូច​សព​ដង ខណៈ​មក់​ដល់​ខាងត្បូង​ក្លឹប​កំសាន្ត អា​រី​ណា ក៏​ស្រាប់តែ​មាន មនុស្ស​ប្រុស​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ដែល​គាត់​បាន​ស្គាល់​ថា​ត្រូវជា​ឪពុក​កូន​នឹង​គ្នា​ជា​ប្រជា​ការពារ​ភូមិ​ដូចគ្នា ប្រដាប់​ទៅ​ដោយ​ដាវ​សាមូរ៉ៃ​ម្នាក់​មួយ​ដើម បាន​កាប់​មក​លើ​រូប​គាត់​មួយ​កាំបិត​ប៉ុន្តែ​គាត់​ឃើញ​គេច​ទាន់ ។ ប្រភព​បន្តថា ភ្លាមៗ​នោះ​អ្នក​ទាំង​៣​នាក់​ក៏​បាន​នាំគ្នា​វាយ​ទាត់​ធា​ក់មក​រូប​លើ​គាត់​យ៉ាង​ចាស់ដៃ បណ្តាល ឱ្យ​ដេក​ដួល​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​សំណាងល្អ​ត្រូវបាន​ប្រជាពលរដ្ឋ​ជិតខាង​ឃើញ​មក​អន្តរាគមន៍​ជាច្រើន​នាក់ ជាមួយ​នឹង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ជិត​ទីនោះ ។

ក្រោយ​សមត្ថកិច្ច​បាន​មក​ដល់​ក៏​បាន​ប្រទះឃើញ​ជន​បង្ក​ទាំង​៣​ដែល​ជា​ប្រជា​ការពារ​ភូមិ ប្រដាប់​ទៅ​ដោយ​ដាវ​សាមូរ៉ៃ​នៅនឹងកន្លែង តែ​សមត្ថកិច្ច​មិនបាន​ធ្វើ​ការឃាត់ខ្លួន នោះទេ ដោយ​បណ្តោយ​ឱ្យ​ពួក​គេ​ឡើង​ម៉ូតូ​ជិះ​គេ​ខ្លួន​បាត់​ព្រោះតែ​ជា​មនុស្ស​ស្គាល់គ្នា ។

ទង្វើ​នេះ​បាន​ធ្វើ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​នេះ រិះគន់​ទៅ​លើ​សមត្ថកិច្ច​បុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ យ៉ាងខ្លាំង ថា​គ្មាន​សមត្ថភាព​ធ្វើការ​ព្រោះ​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃើញ​ជន​បង្ក​នៅ​នឹង​កន្លែង​កើតហេតុ​ហើយ មិន​ធ្វើ​ការឃាត់ខ្លួន​បែរ​ជា​ដោះលែង​ទៅវិញ ដោយសារ​តែ​ជា​អ្នក​ស្គាល់គ្នា ។ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចោទ ជា​សំណួរ​ថា តើ​ទាំងនេះ​គឺ​ជា​ទង្វើ​ដែល​សមត្ថកិច្ច​បំរើ​ប្រជាពលរដ្ឋ​ឬ បើ​ឃើញ​នៅ​នឹង​ភ្នែក​ទៅ​ហើយ​នោះ មិន​មាន​ចំណាត់ការ​ផង​នោះ ?

Untitled-1