ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​នគរបាល​ហៅ​ត្រួតពិនិត្យ​អត់​ឈប់​ធ្លាក់​ជង្ហុក​ដួល បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​

​ភ្នំពេញ​៖ យុវជន​៣​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយសារតែ​ពួកគេ​បាន​ជិះ​ម៉ូតូ​ឃ្លីក មួយគ្រឿង គ្មាន​ស្លាក​លេខ ហើយ​ត្រូវបាន​នគរបាល​ដែល​កំពុង​ជិះ​ល្បាត​នៅក្នុង​មូលដ្ឋាន ឃើញ​មាន​ការសង្ស័យ ក៏​បាន​ហៅ​ឱ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ​តែ​មិន​ព្រម​ឈប់ ត្រូវបាន​សមត្ថកិច្ច​ដេញ​តាម​រហូត​ធ្លាក់​ជង្ហុក​ដួល រងរបួស​ធ្ងន់​ទាំង​៣​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ​

​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ ពួកគាត់​បាន​ជិះ​ល្បាត​នៅក្នុង​មូលដ្ឋាន​ដូច​សព​ដង ខណៈ​កំពុង​តែ​ល្បាត​មកដល់​ចំណុចស្តុ​បណត​ព្រី​ត ស្រាប់តែ​ប្រទះឃើញ​យុវជន​៣​នាក់ ជិះ​ម៉ូតូ​ឃ្លីក ពណ៌ ខ្មៅ​លាយ​ទឹកក្រូច គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​មាន​ការសង្ស័យ គាត់​ក៏​បាន​ដេញ​តាម​រួច​បាន​ហៅ​ឱ្យ​ឈប់ ដើម្បី​ធ្វើ​ការសាកសួរ និង​ត្រួតពិនិត្យ ប៉ុន្តែ​នៅពេល​ឃើញ​សមត្ថកិច្ច​ស្រែកហៅ​ដូច្នេះ យុវជន​ទាំង​៣​នាក់​មិន​ព្រម​ឈប់ និង​បន្ថែម​ល្បឿន បំរុង​ជិះ​គេច​ពី​សមត្ថកិច្ច ។ សមត្ថកិច្ច​បន្តថា ដោយ​ឃើញ​ពី​សកម្មភាព​យុវជន​ទាំង​៣​នាក់​កាន់តែ​គួរឱ្យ​សង្ស័យ ដោយ​ហៅ​មិន​ព្រម​ឈប់ នោះ ពួកគាត់​ក៏​បាន​ជិះ​ដេញតាម​តាំង​ពីស្តុ​បណត​ព្រីត​រហូត​ដល់​ចំណុច​មុខ​ឃ្លាំង​លក់​រថយន្ត​៥០១ ហើយ​ដោយ​ភ័យ​ពេក​ជនសង្ស័យ​បាន​ជិះ​ធ្លាក់​ជង្ហុក​ដួល​អូស​ប្រមាណ​ជាជាង​២០​ម៉ែត្រ​របួសធ្ងន់ ទើប​សមត្ថកិច្ច​អាច​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ ចំណែក​ឯ​យុវជន​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​បាត់ ។

​ក្រោយពេល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ សមត្ថកិច្ច​មូលដ្ឋាន​នាំខ្លួន​ពួកគេ និង​ម៉ូតូ​យក​ទៅ​សាកសួរ​នៅ​បុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ធ្វើ​ការសាកសួរ​ព្រោះថា​ករណី​ដែល​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ និង​បាន​ឃើញ​សមត្ថកិច្ច​ហើយ​មិន​ព្រម​ឈប់​នេះ គឺ​អាច​ជាប់​ពាក់ព័ន្ឋ​នឹង​ករណី​អ្វីមួយ​ជាក់​ជាមិនខាន ។

សូមបញ្ជាក់​ថា មួយ​រយៈពេល​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​គឺ​មាន​ករណី​ប្លន់​ប្រដាប់អាវុធ កើនឡើង​ជា​ខ្លាំង ជាពិសេស​គឺ​ម៉ូតូ​គ្មាន​ស្លាក​លេខ ឬ​យុវជន​ដែល​ជិះ​មាន​គ្នា​ច្រើន ដូច្នេះ​ហើយ​នៅ​តាម​បណ្តា​ខណ្ឌ ក៏ដូចជា​មូល ដ្ឋា​ន គឺ​ត្រូវបាន​រឹតបណ្តឹង​និង​បានដាក់​រាយ​កម្លាំង​នៅ​តាម​គោលដៅ​នី​មួយៗ ហើយ​បើ​មើលឃើញថា មាន​ការសង្ស័យ សមត្ថកិច្ច​នឹង​ឃាត់ខ្លួន​ដើម្បី​ធ្វើ​ការឆែកឆេរ ក្រែង​ប្រទះ​ចំ​ក្រុម​ជនដៃដល់​ដែល​បានធ្វើ​សកម្មភាព​ប្លន់​ជា​រៀងរាល់​យប់ ៕
Untitled-1

Untitled-2