ជនជាតិ​បរទេស​ស្រវឹងស្រា ជិះ​ម៉ូតូ​បុក​អ្នករត់ម៉ូតូឌុប ពីក្រោយ រងរបួស​ទាំង​សងខាង​

​ភ្នំពេញ​៖ បុរស​ជនជាតិ​បរទេស​ម្នាក់ បាន​រង​បួស​ធ្ងន់ ដោយសារតែ​រូបគេ​ស្រវឹងស្រា បើក​ម៉ូតូ​មួយ​គ្រឿង​បុក​អ្នក​រត់​ម៉ូតូ​ឌុ​ក​ពីក្រោយ កាលពី​វេលា​ម៉ោង​១២​នឹង​១០​នាទី​រំលង​អាធ្រាត​ឈានចូល ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​រោងភាពយន្ត​លុច តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វត្តិ កែង​នឹង​ផ្លូវ​១៤៨ ស្ថិតក្នុង​សង្កាត់​ផ្សារ កណ្តាល​ទី​២ ខណ្ឌដូនពេញ ។

​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ ដែលជា​អ្នករត់ម៉ូតូឌុប​ម្នាក់ បាន​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-9866 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ លេខ​១៤៨ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​មុខ​រោងភាពយន្ត​លុច ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស ទំនង​ជា​ស្រវឹងស្រា​ជោគជាំ បាន​បើក​ម៉ូតូ​ម៉ាក​ហា​យ៉ាតេ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1W- 2384 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​បុក​អ្នករត់ម៉ូតូឌុប​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ ម៉ូតូ​ខ្ទាត​ពេញ​ផ្លូវ​រង​ការខូចខាត ហើយ​ជនជាតិ​បរទេស​ម្នាក់​នោះ​រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់ ចំណែក​ភាគី​ម្ខាង ទៀត​រងរបួស​ស្រាល ។

ប្រភព​បន្តថា ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍ភ្លាមៗ ប៉ុន្តែ​ភាគី​ទាំងសងខាង​បាន​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​ជនជាតិ​បរទេស​ដឹង​ពី​កំហុង​របស់ខ្លួន ក៏​សុខចិត្ត​សង​ថ្លៃ​ខូចខាត​ទៅ​ខាង​ភាគី​អ្នករត់​ម៉ូតូឌុប ដើម្បី​បញ្ចប់រឿង​ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច ៕
Untitled-1

Untitled-2