ស្ត្រី​ម្នាក់​និង​កូនស្រី​១ រង​ការបណ្តេញចេញ​ពី​ផ្ទះ បន្ទាប់​ពី​ប្តី​ស្លាប់ចោល

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ឈ្មោះ កុយ កឹម​ឡង អាយុ​៣៩​ឆ្នាំ មាន​ទី​លំនៅ​ឋាន​ភូមិ​កោះនរា សង្កាត់​និរោធិ៍ ខណ្ឌ​ច្បារអំពៅ បាន​រង​នូវ​ការបណ្តេញចេញ​ពី​ផ្ទះ ពី​សំណាក់​បងប្អូន​ខាង​ប្តី បន្ទាប់​ពី​ប្តី​របស់​នាង​និង​ឪពុក​កូនស្រី​ដ៏​តូច​ច្រលឹង​នេះ​ទទួលមរណៈភាព កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១០​កន្លងមក ។ ករណី​នេះ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ ចុះ​សម្របសម្រួល​បើក​សោរ​ទ្វា​ផ្ទះ​ឲ្យ​ស្ត្រី​និង​កូនស្រី​រូបនេះ បាន​ចូល​ស្នាក់​នៅ​វិញ នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

​តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​រឿង​ខាងលើ​នេះ បានឲ្យដឹងថា ស្ត្រី​ឈ្មោះ កុយ កឹម​ឡង បាន​ស្រឡាញ់គ្នា​ជាមួយ​ឈ្មោះ ស៊ុំ សុ​ផៃ តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ដោយ​មាន​លិខិតបញ្ជាក់​ដឹក​ឮ​ពី​ភូមិ​សង្កាត់​ត្រឹមត្រូវ ប៉ុន្តែ​មិន​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ឡើយ ។ ហើយ​ការរស់នៅ​ជាមួយគ្នា ភាគី​ទាំងពីរ​បាន​បន្សល់ទុក​ចំណង​អនុ​ស្សា​រីយ៍ កូនស្រី​មួយ​ឈ្មោះ ផៃ សុ​ចិន្តា អាយុ​៦​ឆ្នាំ រស់នៅ​ក្នុង​លំនៅ​ឋាន​មួយកន្លែង លើ​ដី​ឡូតិ៍​របស់​ខាង​ប្តី ហើយ​បច្ចុប្បន្ន ឈ្មោះ ស៊ុំ សុ​ផៃ បាន​ទទួល​មរណៈភាព​បាត់ ជា​ហេតុ​ធ្វើឲ្យ​បងប្អូន​បង្កើត​របស់​ឈ្មោះ ស៊ុំ សុ​ផៃ នាំគ្នា​ប្តឹង​ទៅ​អាជ្ញាធរ ធ្វើ​ការបណ្តេញ​នាង​កុយ កឹម​ឡង និង​កូនស្រី​ចេញពីផ្ទះ ដោយ​សំអាង​ទៅលើប័​ណ្ឌ​សុំ​កាន់កាប់​ដី ដែល​សព​ឈ្មោះ ស៊ុំ សុ​ផៃ និង​នាង​កុយ កឹម​ឡង ស្នាក់​នៅ​ជុំ​គ្នា​កន្លងមក​នោះ ជា​កម្ម​សិទ្ធ​របស់​ឪពុក​ឈ្មោះ ស៊ុំ សុ​ផៃ ។

​តាមរយៈ​រឿងរ៉ាវ​ខាងលើនេះ ស្ត្រី​ឈ្មោះ កុយ កឹម​ឡង បាន​ប្តឹង​ទាមទារ សុំ​រស់​នៅលើ​ផ្ទះ ដែល​ធ្លាប់​រស់នៅ​ជាមួយ​ប្តី នោះ តាំងពី​ក្រោយប្តី​គាត់​ស្លាប់​មកម្ល៉េះ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន មិន​សម្របសម្រួល​ឲ្យ​គាត់​បាន​ដូច​បំណង​ឡើយ ដោយ​សំអាង​ថា ប្លង់​ដី​ខាងលើនេះ មិនមែន​ជា​កម្ម​សិទ្ធរ​បស់​នាង​កុយ កឹម​ឡង មិនតែប៉ុណ្ណោះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ចាក់សោរ​ទ្វា​ផ្ទះ មិន​ឲ្យឈ្មោះ កុយ កឹម​ឡង និង​កូនស្រី បាន​ចូល​នៅ​ក្នុង​លំនៅឋាន​ខាងលើ​ឡើយ ។ តែ​ដោយសារ​នាង​កុយ កឹម​ឡង បាន​ពឹងពាក់​លោក​មេធាវី អ៊ូ វុ​ធ ជួយ​សម្របសម្រួល​បញ្ហា​នេះ ទើប​នៅ​វេលា​ខាងលើ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បើកទ្វា​ឲ្យ​នាង​ចេញ​ចូល​ក្នុង​លំនៅ​ឋាន ទាំង​ការភ័យខ្លាច​សាច់ញាតិ​ខាង​ប្តី និង​កូន​ប្រពន្ធដើម ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ ស៊ុំ សំអាត អនុប្រធាន​ការិយាល័យ​ភូមិបាល​និង​សំណង់​ស្រុក​កៀនស្វាយ ដែល​ជា​ដើមបណ្តឹង​ក្នុង​សាច់​រឿង​នេះ បាន​និយាយថា ខ្លួន​មិន​ទទួល​ស្គាល់​ឈ្មោះ កុយ កឹម​ឡង ជា​ប្រពន្ធ​សព​បងប្រុស​របស់​ខ្លួន ឈ្មោះ ស៊ុំ សុ​ផៃ​ឡើយ ហើយ​ករណី​នេះ លោក ត្រូវតែ​ប្តឹង​ទាមទារ​យក​ដី​របស់​លោក ដែល​មាន​ឈ្មោះ​ឪពុក​លោក​ជា​ម្ចាស់​កម្ម​សិទ្ធ ដើម្បី​ទុក​ចែក​បងប្អូន​បង្កើត​របស់លោក ។

​យោង​តាម​ច្បាប់​ទាយាទ​បានឲ្យដឹងថា កុមារី​ឈ្មោះ ផៃ សុ​ចិន្តា និង​ស្ត្រី​ឈ្មោះ កុយ កឹម​ឡង ត្រូវតែ​មាន​ចំណែក​ទទួលបាន​កេរ្តិ៍មរតក ពី​សព​ឈ្មោះ ស៊ុំ សុ​ផៃ ។ ប៉ុន្តែ​ករណី​នេះ​ចាំ​មើល​អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ វិនិច្ឆ័យ​លើ​រឿង​រដ្ឋប្បវេណី​នេះ ជូន​ក្មេងស្រី​ម្នាក់ និង​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​សាច់រឿង​នោះ​បាន​សមស្រប​ក្នុង​កម្រិត​ណា ? ។ ប៉ុន្តែ​បើ​បណ្តោយ​ទុក​នៅ​ដោះស្រាយ​ត្រឹម​ថ្នាក់មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន ហាក់បីដូចជា​មាន​ការ​លំអៀង​ទៅ​លើ​ឈ្មោះ ស៊ុំ សំអាត ដោយសារ​ឈ្មោះ ស៊ុំ សំអាត ជា​ប្អូនប្រុស របស់​លោក​ស៊ុំ សុខន អតីត​ប្រធាន​ផ្សារ​ក្បាលថ្នល់ និង​ជា​ក្រុមការងារ​នៅ​ខណ្ឌមានជ័យ ៕