គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ ស្លាប់​មនុស្ស​៤​នាក់ និង​របួស​ធ្ងន់​ស្រាល​៨​នាក់

​ភ្នំពេញ​៖ តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​០៨​លើក ក្នុង​យប់ ០៤​លើក បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន ០៤​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ០៦​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល ០២​នាក់​(​ប្រុស​)​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៨​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​០៧​គ្រឿង រថយន្ត​ធុន​តូច​០៤​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរជើង​២​នាក់​។​

​ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្តថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្មើស​ល្បឿន ០៦​លើក ប្រជែង​គ្រោះថ្នាក់​០១​លើក និង​កត្តា​យានយន្ត​១​លើក​។ ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​១០​នាក់​(​យប់​០៥​នាក់​) ។​

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យដឹងថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៧៧៩ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រួសារ ៦៥​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៣៩៥​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ០២ គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន​៨៣ គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ ២៣៤ គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ១១ គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៧៦៨ ៕