ជនសង្ស័យ​៥​នាក់ ប្រើ​ដាវ​សុំា​ម៉ូ​រៃ​ធ្វើ​សកម្មភាព ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​អាយ​ខុន​ពី​បុរស​ម្នាក់ បានសម្រេច​ដោយ សុវត្ថិភាព​

ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់ ប្រដាប់​ដោយ​ដាវ​សុំា​ម៉ូ​រៃ​ជា​ច្រើន​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក អាយ​ខុន ស៊េរី​ឆ្នាំ​២០១០ ពី​បុរស​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ទល់មុខ​រោងចក្រ​បារី​សេក ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១ និង ០០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​
​ ​
ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​ខាងលើ​នេះ មានឈ្មោះ គឹម វិបុល អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មុខរបរ​ជា​មន្ត្រីរាជកា​រ​។​

យោងតាម​ការរៀបរាប់​របស់​ជនរងគ្រោះ បានអោយដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍​នេះ​កើតឡើង គឺ​ដំបូង​ឡើយ បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខុន ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ កណ្តាល 1Q-0023 ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ជិះ​មក​ជិត​ដល់​កន្លែងកើតហេតុ ម៉ូតូ​របស់​ខ្លួន​ក៏​អស់​សាំង ទើប​បណ្តើរ​រហូតមក​ដល់​ចំណុចកើតហេតុ​ខាងលើនេះ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ ក្រុម​មាន​គ្នា ៥​នាក់ ប្រដាប់​ដោយ​ដាវ​សុំា​ម៉ូ​រៃ ជា​ច្រើន​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​គំរាម​អោយ​យុវជន​រងគ្រោះ ចុះ​ពីលើ​ម៉ូតូ ហើយ​ជនរងគ្រោះ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​តាម​សម្រួល ប៉ុន្តែ​ដោយសារ​តែ​ម៉ូតូ​អស់​សាំង ជនសង្ស័យ​ទាំង ៣​នាក់​ក្នុងចំណោម​បក្សពួក​៥​នាក់ បាន​ជិះ​ម៉ូតូ​យក​ទៅ​ចាក់​សាំង ដោយ​ទុក​បក្សពួក​២​នាក់​ទៀត អោយ​នៅ​គំរាម ជនរងគ្រោះ កុំអោយ​ស្រែកឆោ​រឡោរ ថែមទាំង​យក​ដាវ​កាប់​ជនរងគ្រោះ​ចំនួន​១​ដាវ បណ្តាលអោយ​រងរបួស​ផង ដែរ​។ ក្រោយ​បក្សពួក​ចាក់​សាំង​ម៉ូតូ​រួចរាល់​ហើយ​នោះ បាន​ជិះ​មក​ត្រឡប់​យក​បក្សពួក​២​នាក់​ដែល​នៅ​គំរាម ជនរងគ្រោះ ហើយ​ដឹក​គ្នា​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​នាំ​ជនរងគ្រោះ​ទៅ​ធ្វើការ ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់អង្រែលើ រួច​ទំនាក់ទំនង​ទៅ​សាច់ញាតិ​អោយមក​ទទួលយក​ទៅ គេហដ្ឋាន​វិញ ៕
photo 1

photo 2

photo 3

photo 4