ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន យ៉ាង​សកម្ម​បាន​៣​នាក់

កណ្តាល ៖ កាលពី​ម៉ោង​១៦ និង​១០​នាទី ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន យ៉ាងសកម្ម​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល នៃ​ស្នងការ ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ធ្វើ​ការឃាត់ខ្លួនៅ​ក្នុង​ភូមិ​ចំនួន ៣ គឺ​ភូមិ​ព្រែក​ហូរ លិច​, ភូមិ​ព្រែក​ហូរ​លិច​១, ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ។​

​នគរបាល ខេត្ត​កណ្តាល បានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះ ទី​១-​ឈ្មោះ អ៊ុល ចិន្តា ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ រស់នៅ​ក្នុង​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ទី​២-​ឈ្មោះ ឃុន បញ្ញា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ រស់នៅ​ក្នុង​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ទី​៣-​ឈ្មោះ អន ចិន្ថា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មានមុខ​របរ ជាងផ្សារដែក រស់នៅ​ផ្ទះផ្សារ​ដែក​ផ្លូវ​លេខ ២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ។​

​ប្រភព​ដដែល​បាន​បន្តថា មុន​ពេល​ឈានទៅដល់​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់ ដោយសារ​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ទីតាំង​ទាំង​៣​ខាងលើ មាន​ករណី​ចែកចាយ​ថ្នាំញៀន និង​ប្រើប្រាស់ ថ្នាំញៀន​នោះ ទើប​លោក​ស្នងការរង ទទួលបន្ទុក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ កម្លាំង​ចុះ​សហការ​ជា មួយ​កម្លាំង មូលដ្ឋាន ចុះ​ទៅ​បង្ក្រាប​ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​វត្ថុតាង​ជាក់ស្តែង មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ទម្ងន់ ៣.៧០ ក្រាម​, ទូរស័ព្ទ Nokia ចុច​ពិល ២​គ្រឿង​, ដាវ​សា​ម៉ូ​រៃ​ចំនួន ១​ដើម ,​កាំបិតផ្គាក់​ចំនួន ២​ដើម​, កណ្តៀវ​ខ្វាវ ចំនួន ៣​ដើម និង​សម្ភារៈ​វិច​ខ្ចប់ សម្រាប់​ធ្វើការ​ចែកចាយ និង​ប្រើប្រាស់​មួយចំនួន ។​

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​នាំយក​មក​កាន់​ការិយាល័យ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្ត​កណ្តាល ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕