តារាចម្រៀង​ផលិតកម្ម ថោ​ន លោក មង្គល ទីណា បើករថយន្ត​រ៉េ​នរ៉ូ​វ័រ បុក​រនាំងដែក​បាក់អស់​១០​ផ្ទាំង

ភ្នំពេញ ៖ តារាចម្រៀង​របស់​ផលិតកម្ម ថោ​ន លោក មង្គល ទីណា បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក រ៉េ​នរ៉ូ​វ័រ ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូង​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​នឹង​ព្រលាន យន្តហោះ​ពោធិ៍ចិនតុង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ១២ និង ៣០​នាទី​យប់​ឈាន ចូល​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

យោងតាម​ប្រភព​ព័ត៌មាន​សាក្សី​ដែល​បានឃើញ ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​កើត ហេតុ​គេ​សង្កេត​លោក មង្គល ទីណា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ចម្រៀង​ល្បី​មួយរូប ក្នុង​ផលិតកម្ម ថោ​ន បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក រ៉េ​នរ៉ូ​វ័រ ពណ៌​ស ពាក់​ស្លាក​លេខ 2W-9993 រួម​ដំណើរ​ដោយ​មនុស្ស​ប្រុស​ស្រី ជាច្រើន​នាក់​ផ្សេងទៀត ក្នុង​រថយន្ត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ល្បឿន​បុក​រះ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ ពេញទំហឹង បណ្តាល​អោយ​រនាំង​ដែក​ចំនួន​១០​ផ្ទាំង​ត្រូវ រង​ការខូចខាត និង​រថយន្ត​បង្ក​ត្រូវ​ដាច់​កង់​មុខ ផ្នែក​ខាងឆ្វេង​ចេញពី រថយន្ត ប៉ុន្តែ​អ្វី​ដែល​ជា​ការកត់សម្គាល់​នោះ គឺ​លោក មង្គល ទីណា មិន​បាន​ឈប់​រថយន្ត របស់ខ្លួន​នោះ​ទេ បែរ​ជា​បន្ត​ល្បឿន​ទៅមុខទៀត ទាំង​កង់​ម្ខាង​ត្រូវ​ដាច់​ចេញពី​រថយន្ត ( មានន័យ​ថា លោក​ព្យាយាម​បន្តដំណើរ​ទៅ​មុខ ដោយ​រថយន្ត​របស់​ខ្លួន​មាន​កង់​តែ ៣ ) ។ ប៉ុន្តែ​ទោះបីជា​ព្យាយាម​បើក​រត់គេច យ៉ាងណាក៏ដោយ នៅ​តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ដដែល បន្ទាប់​ពី​តារា​ចម្រៀង​រូបនោះ បើក​រត់គេច​បាន​ជាង ១​គី​ឡូ ដី​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង​ស្ទូច យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម ផ្លូវច្បាប់​។​

ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ គឺ​បង្កឡើង​ដោយសារ​ភាគី​ខាង​ម្ចាស់​រថយន្ត​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន ហួស​ល្បឿន​កំណត់ និង​ខ្វះ​ការប្រុងប្រយ័ត្ន​ខ្ពស់ ពេល​កំពុង​បើកបរ ទើប​បណ្តាលអោយ មានរឿង​ហេតុដូចនេះ​កើតឡើង​តែ​ម្តង​ទៅ​។ ចំណែក​លោក​មង្គល ទីណា ដែលជា​អ្នកបើកបរ​រថយន្ត បានបញ្ជាក់ ថា​កាល​ដែល រូប​ខ្លួន បើករថយន្ត​ជ្រុល​បុក​ដូចនេះ គឺ​ដោយសារ​ខ្លួន​រវល់​អោន​ចុះ​ក្រោម​យក​អ៊ី​វ៉ាន់ ភ្លេច​មើលផ្លូវ ទើប​បណ្តាលអោយ​ជ្រុល​បុក​រះ​រនាំង​ដែក​ដូចនេះ​ទៅ​៕
photo 1

photo 2

photo 3

photo 4

photo 5