យុវជន​បី​នាក់​ស្រវឹង​ជិះ​ម៉ូតូ​លឿន ជ្រុល​បុក​ខឿន​ផ្លូវ រងរបួស​ធ្ងន់​ស្រាល​បីនាក់​

​ភ្នំពេញ ៖ យុវជន​បី​នាក់ ម្នាក់​រងរបួស​ធ្ងន់ និង​ពីរ​នាក់​ស្រាល បន្ទាប់ពី​ពួកគេ​ទាំង​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ខឿន​ផ្លូវ​ពេញទំហឹង នៅ​ចំណុច​ទល់មុខ ហាង​ម៉ាស្សា ខ្មែរ​បី​យ៉ូ​ធី ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ១៦៣ ក្នុង​សង្កា​ត​វាលវង់ ខណ្ឌ​៧​មករា​។ ហេតុការណ៍​គ្រោះ ថ្នាក់​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១ និង ០០​នាទី​យប់​ថ្ងៃ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

តាម​ប្រភព​ព័ត៌មាន ពី​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ យុវជន​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-0652 ជិះ​ឌុប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​ស្ថិត​ក្នុង​ស្ថាន​ភាពស្រវឹង​ផង​នោះ ស្រាប់តែ​ជ្រុល​ល្បឿន រេ​ចង្កូត​បុក ខឿន​ផ្លូវ​ពេញទំហឹង បណ្តាល​អោយ​យុវជន​ទាំង​៣​នាក់ ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រង​របួសធ្ងន់​ម្នាក់ ដែលជា​អ្នក ឌុប ត្រូវ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​ពីរ​នាក់​ដែល​រួម ដំណើរ​ពី​ក្រោយ​ត្រូវ​រង​របួសស្រាល ចំណែក​ម៉ូតូ​ត្រូវ​រងារ​ខូចខាត​ទាំងស្រុង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ធ្វើ​ការអន្តរាគមន៍ លើកយក​ម៉ូតូ​ខាងលើ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា រង់ចាំ​សាច់ញាតិ​មក​ទទួកយក​ទៅ​វិញ ។​

ហើយ​សូម​បញ្ជាក់​ផងដែរ​ថា ចំពោះ​ករណី​ខាងលើ គឺ​បង្កឡើង​ដោយសារ​យុវជន​ទាំង​បី​នាក់ បើកបរ​ក្នុង​ល្បឿន លឿន និង ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ផងដែរ ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើត ឡើង​តែ​ម្តង​ទៅ​៕
photo 1

photo 2

photo 3

photo 4

photo 5