ម៉ូតូ​ស្មាស់​ជិះ​បញ្ច្រាស់​ផ្លូវ ជ្រុល​បុក​ម៉ូតូ​សេ​១២៥ បណ្តាលឲ្យ​រងរបួស​ធ្ងន់​៤​នាក់​

​ភ្នំពេញ​៖ យុវជន​៤​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសា​តែ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់ ថ្ងៃទី​១៨ ខែ​វិច្ចិការ ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងកើត​និង​ប្រេង​ឥន្ទៈ​តេលា តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ 1C-6412 ស៊េរី​ឆ្នាំ​២០១២ បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាងកើត​ប្រេង​ឥន្ទៈ​តេលា ស្រាប់តែ​មាន​យុវជន​២​នាក់​ទៀត ជិះ​ម៉ូតូ​ស្មាស​រ៉េ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Q-0952 ធ្វើដំណើ​រ​បញ្ជ្រាស់​ផ្លូវ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​នាក់​ទាំង​៤​រងរបួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្ទើរ​ស្រុង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​
​ ​
សមត្ថកិច្ច​បាន​បញ្ចាក់​ថា ជនរងគ្រោះ​ទាំង​៤​នាក់ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​បន្ទាប់ពី​កើតហេតុ​នោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹង​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយសារ​តែ​យុវជន​២​នាក់ ដែល​ជិះ​ម៉ូតូ​ស្មាស់​រ៉េ​វូ ជិះ​បញ្ជ្រស់ផ្លូវ និង​ក្នុង​ល្បឿន​លឿន​ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​បែននេះ​៕
photo 1

photo 2

photo 3