ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១០ បង្ហាញ​ផែនការ​២០​ចំណុច ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​មេធាវី

ភ្នំពេញ ៖ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន ដែល​ទើបតែ​ត្រូវបាន​មហាសន្និបាត​គណៈមេធាវី​លើក​ទី​១៩ បោះឆ្នោត​ជ្រើសរើស​ដោយ​សំឡេង​ភាគច្រើន​លើសលប់ កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​នូវ​ផែនការ​បន្ត​ការដឹកនាំ និង​អភិវឌ្ឍ​គណៈមេធាវី នៅក្នុង​អាណត្តិ​ទី​១០ សម្រាប់​ឆ្នាំ ២០១៤ ដល់ ឆ្នាំ​២០១៦ ។​

​លោក ប៊ុន ហុន បាន​ផ្តល់​បទ​សម្ភាស៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន និង​បាន​បង្ហាញ​នូវ​ផែនកា​រទាំង​២០​ចំណុច ដូចខាងក្រោម ៖

​ទី​១.​បន្ត​កិច្ចប្រជុំ​ក្រុម​ការងារ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី និង​ជម្រុញ​ឲ្យ​បញ្ចប់​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​នៅ​ក្នុង​ឆ្នាំ​២០១៥ ។​

​ទី​២.​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​បស់​គណៈមេធាវី ឲ្យបាន​ចប់​សព្វគ្រប់​នៅ​ក្នុង​អាណត្តិ​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៦ ។​

​ទី​៣.​ធ្វើ​ការប្រជុំ​ពិភាក្សា និង​ដាក់ជូន​ក្រុមប្រឹក្សា​គណៈមេធាវី​អនុម័ត​លើ​សេចក្តីព្រាង ផែនការ យុទ្ឋសាស្ត្រ​របស់​គណៈមេធាវី​ឲ្យបាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ​២០១៥ ។​

​ទី​៤.​ប្រឹងប្រែង​តស៊ូ​មតិ​តាម​ផ្លូវច្បាប់ ចំពោះ​ទស្សនៈ​បង់​ព​ន្ឋលើ​កម្រៃ​សេវា​របស់​មេធាវី ដោយ​មិនឲ្យ​មាន​ការអនុវ​ត្ត​ដោយ​បំពាន លើ​វិធាន​វិជ្ជាជីវៈ​មេធាវី បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន និង​ជា​ពិសេស​បរិបទ នៃ​ការអនុវត្ត​វិជ្ជាជីវៈ សេរី​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ។​

​ទី​៥.​បន្ត​ការពារ និង​ធានា​នូវ​ឯករាជ្យ និង​សេរីភាព​នៃ​វិជ្ជាជីវៈ​មេធាវី ឲ្យស្រប​តាម​ច្បាប់​ជា​ធរមាន និង​បញ្ចៀស​នូវ​ការ​ជ្រៀត​ជ្រែង​ពី​ស្ថាប័ន​ដទៃ ។​

ទី​៦.​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដើម្បី​អភិវឌ្ឍ​គណៈមេធាវី និង​វិជ្ជាជីវៈ​គណៈមេធាវី ។​

​ទី​៧.​បន្ត​ការយកចិត្តទុកដាក់​ចំពោះ​មេធាវី​ដែល​មាន​ជម្ងឺ និង​មេធាវី​ដែល​មាន​វ័យ​ចាស់ជរា គ្មាន​លទ្ឋភាព​ប្រកប​វិជ្ជាជីវៈ និង​ខ្វះខាត​ជីវភាព​គ្រួសារ ។​

​ទី​៨.​បន្ត​ចូល​អន្តរាគមន៍​ជួយ​ដល់​មេធាវី ដែល​បាន​ជួបប្រទះ​ការលំបាក​ទាំងឡាយ ក្នុង​ការអនុវត្ត​វិជ្ជាជីវៈ​មេធាវី ។​

ទី​៩.​បន្ត​ចូល​អន្តរាគមន៍​ជួយ​ដល់​មេធាវី ចំពោះ​ការប្តឹង​ចោទ ការចោទប្រកាន់ ការឃាត់ខ្លួន ការឃុំខ្លួន និង​ការផ្តន្ទាទោស​មេធាវី ដែល​កើតចេញ​ពី​ការប្រកប​វិជ្ជាជីវៈ ។​

ទី​១០.​បន្ត​ស្វះស្វែង​រក​ជំនួយ​អន្តរជាតិ ដើម្បី​ផ្តល់​ឱកាស​ដល់​មេធាវី​បាន​ទៅ សិក្សា​ទស្សនកិច្ច សិក្សា​នៅ​បរទេស ។​

ទី​១១.​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ដល់​មេធាវី ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការបម្រើ​ផលប្រយោជន៍ ជូន​គណៈមេធាវី និង​វិជ្ជាជីវៈ​មេធាវី ។​

ទី​១២.​បន្ត​ពង្រឹង​គុណភាព​វិជ្ជាជីវៈ​មេធាវី តាមរយៈ​ការធ្វើសិក្ខាសាលា និង​ការបណ្តុះបណ្តាល នានា ឲ្យ​កាន់តែ​មាន​ប្រសិទ្ឋិភាព និង​បំពេញ​តាម​តម្រូវការ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​មេធាវី នៅក្នុង​សង្គម និង​ក្នុង​បរិបទ​នៃ​សមាហរណកម្ម​អាស៊ាន ។​

ទី​១៣.​បន្ត​ស្នើសុំ​បន្ទប់​ពី​តុលាការ ដើម្បី​ទុក​ឲ្យ​មេធាវី​ប្រើប្រាស់​ក្នុង​ការផ្លាស់ប្តូរ​សំលៀក​បំពាក់ ការ​ពិនិត្យ​សំណុំរឿង និង​ជួប​ពិគ្រោះ​យោបល់​ជូន​កូនក្តី​មុន​ពេល​សវនាការ ។​

ទី​១៤.​បន្ត​រៀបចំ​កែលម្អ​បណ្ណាល័យ​របស់​គណៈមេធាវី ឲ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ឯកសារ គ្រប់គ្រាន់​សម្រាប់​មេធាវី ។​
​ទី​១៥.​បន្ត​ពង្រីក​សេវា​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ជូន​ជនក្រីក្រ​ដោយ​ស្វះស្វែង​រក​ថវិកា បន្ថែម​ពី​រាជរដ្ឋាភិបាល និង​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ។​
​ទី​១៦.​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​ជន​ដែល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដោយ​ខុសច្បាប់ ទោះ​ជា​ជនជាតិ​ខ្មែរ ឬ បរទេស ។​

ទី​១៧.​បន្ត​ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​មេធាវី ដើម្បី​លើក​តម្លៃ​វិជ្ជាជីវៈ​មេធាវី ឲ្យ​កាន់តែ​ខ្ពង់ខ្ពស់ ។​

ទី​១៨.​បោះពុម្ពផ្សាយ​សៀវភៅ​ណែនាំ​ពី​វិជ្ជាជីវៈ​មេធាវី ( Lawyers Handbook ) ឲ្យបាន​មុន​ដំណាច់ឆ្នាំ​២០១៤ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដើម្បី​ធ្វើឲ្យ​មាន​ការទទួលស្គាល់ត​ម្លៃវិជ្ជា​ជីវៈ​មេធាវី កម្ពុជា ទាំង​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ ។​

ទី​១៩.​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​គណៈមេធាវី​បរទេស ដើម្បី​ទទួលបាន បទពិសោធន៍ ជំនួយ​បច្ចេកទេស និង​ការផ្លាស់ប្តូរ​មេធាវី​វ័យក្មេង និង​កម្មសិក្សា ។​

ទី​២០.​បន្ត​អនុវត្ត​សកម្មភាព​ចាំបាច់​នានា ដើម្បី​ពង្រឹង​ស្ថាប័ន​គណៈមេធាវី និង​លើកកម្ពស់​តម្លៃ នៃ​វិជ្ជាជីវៈ​មេធាវី ៕
photo(1)