ផ្ទុះ​ធុងសាំង​ចំណុះ ២២០​លីត្រ បណ្តាល​ឲ្យ​ព្រះសង្ឃ​៣​អង្គ​រងរបួស​ធ្ងន់​ស្រាល

កំពង់ឆ្នាំង​៖ ព្រះសង្ឃ​៣​អង្គ​រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ​១​អង្គ​បាន​រងរបួស​ធ្ងន់ធ្ងរ​ដាច់​សាច់ ស្បែក និង​បែក​ឆ្អឹង ត្រគាក​ពិបាក​ជួយសង្គ្រោះ ចំណែក​២​អង្គ​ទៀត​របួសស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ធុងសាំង​ចំណុះ​២២០​លីត្រ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី ព្រលប់ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​វត្ត​អម្ពវ័ន្ត​ហៅ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។​

​ស្ត្រី​ឈ្មោះ ព្រីង សាន អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជា​ម្តាយបង្កើត​របស់​ព្រះសង្ឃ​រង របួសធ្ងន់ បាន​និយាយ​អោយដឹងថា គាត់​ជា​ស្ត្រី​មេម៉ាយ ប្តី​បាន​ស្លាប់​ចោល​ដោយ​សារ​មាន​ជម្ងឺ​គ្មាន​លុយ​ព្យាបាល គាត់​មានកូន​៣​នាក់ លោក​កូន​ដែល​របួសធ្ងន់​ខាងលើ​នេះ​ជា​កូន​ទី​២ លោក​បួស​បាន​២​វស្សា​ហើយ ដោយសារតែ​គាត់​ជា​ជន​ក្រីក្រ​ទើប​លោក​បួស​ដើម្បី​បាន​រៀនសូត្រ​ក្នុង​វត្ត ចំណែក​គាត់​សព្វថ្ងៃ​ប្រកប​មុខរបរ​លក់ដូរ​នំនែក​បន្តិចបន្តួច​បាន មួយ​ថ្ងៃ​សំរាប់​ហូប​១​ថ្ងៃ​តែ​ប៉ុណ្ណោះ ក្នុង​ពេល​កូន​របួសធ្ងន់​នេះ​គាត់​គ្មាន​លុយ​សំរាប់​ព្យាបាល​ទេ​។​

​ក្រុមគ្រូពេទ្យ​បន្ទប់វះកាត់​នៃ​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹងថា របួស​របស់​លោក​សង្ឃ​តូច​នេះ​ធ្ងន់ធ្ងរ មុខរ​បួស​គ្មាន​ស្បែក​ដេរ​ផ្ចិត​ឡើងវិញ​ទេ ឆ្អឹង​ងោង​ត្រគាក​បែកខ្ទេច គ្រូពេទ្យ​ខេត្ត​នឹង​បញ្ជូន​លោក​ទៅ​កាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជួយ សង្គ្រោះ​ជា​បន្ត​ទៀត ព្រោះ​សភាព​របួស​ធ្ងន់ធ្ងរ​៕