ផឹកស្រា​ស្រវឹង​ដក​កាំភ្លើង​ភ្ជង់​ឡើងលើ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ខណ្ឌចំការមន

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​បង្កឡើង​ដោយសារ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ដក​កាំភ្លើង ភ្ជង់​ឡើងលើ​បំរុង​បាញ់ តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ម្នាក់ ហក់​ស្ទុះ​ទៅ​ឃាត់​ទាន់ នៅ​ចំណុច​ម៉ា​ត​ក្រដាស​សាំង​តេលា ស្ថិត​តាម​បណ្តោយ​ផ្លូវ ៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២ និង ៣០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​ ​
តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​ប្រមាណ​២​និង ០០​នាទី​យប់​ថ្ងៃ​ខែ​ដដែល​នោះ គេ សង្កេត​ឃើញ បុរស​ខាងលើ បើករថយន្ត​ស៊េរី ទំនើប​មិន​ចាំ​ម៉ាក​មួយ​គ្រឿង រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត បាន​បើក​មក​ឈប់ ហើយ​នាំ​ចុះ​មក​ផឹកស៊ី នៅ​ម៉ា​ត​តេលា​ខាង​លើ ។ លុះ​មកដល់​វេលា​កើតហេតុ ខណៈ​ពួកគេ​ទាំង​បី​នាក់ ត្រូវ​ទឹក​ប្តូរ​និស្ស័យ​ចូល​ជ្រាប​ពេញ ដងខ្លួន​ផង​នោះ ក៏​បណ្តាលអោយ​បុរស​ម្នាក់​ក្នុងចំណោម​បុរស​បីនាក់​ខាងលើ​ដក​កាំភ្លើង​ចេញពី​ចង្កេះ អា​មេ បម្រុង បាញ់​ឡើង​លើ តែ​សំណាងល្អ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ម្នាក់ ដែល​ឈរជើង​នៅ​ជិត​កន្លែង​កើត ហេតុ បាន​រត់​ស្ទុះ​ទៅ​ដណ្តើម​កាំភ្លើង​ពី​បុរស​ខាងលើ​ទាន់ពេលវេលា មិន​បណ្តាល​អោយ​មានកា​រ​ផ្ទុះអាវុធ​នោះទេ គ្រាន់តែ​ជ្រុះ​គ្រាប់ កាំភ្លើង ជា​ច្រើន​គ្រាប់ ពាសពេញ​តុ​ផឹកស៊ី និង​បរិវេន Mart ទាំងមូល​។​

ទោះ​ជា​ករណី​នេះ មិន​បណ្តាល​អោយ​មានកា​រ​ផ្ទុះអាវុធ​ក៏ដោយ ប៉ុន្តែ​អ្នកដំណើរ ក៏​ដូចជា​អ្នក​ដែល​បាន ឃើញ​ហេតុការណ៍ បាន​នាំ​គ្នា​រិះគន់​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​បុរស​ខាងលើ ដែល​មិន​ថា​ជា​មន្ត្រី​ថ្នាក់​ណា ឬ​ជា កូន​អ្នក​មាន​អំណាច​ណា​នោះទេ បានជា ពេល​ផឹក​ស្រវឹង​ហើយ​លើក​កាំភ្លើង​ច្រងេងច្រងាង នៅ​ទី​សាធារណៈ បង្ក អោយមាន​ការភ្ញាក់ផ្អើល និង​ភិតភ័យ​ដល់​អ្នកដទៃ បែបនេះ ។ នេះ​សំណាង​ហើយ ដែល​នៅ​ពេល​កើតហេតុ​ភ្លាម ៗ មាន​កម្លាំង​អាវុធ​អន្តរាគមន៍​ទាន់ពេលវេលា បើ​ពុំ​ដូច្នោះ​ទេ មិនដឹង​ថា​បុរស​ដែល​មិន​ស្គាល់​ច្បាប់ទម្លាប់​ខាងលើ បាញ់បោះ ស៊េរី បង្កអោយមាន​មនុស្ស​រងរបួស​ធ្ងន់ ឬ ស្រាល តាម​អំពើ​ចិត្ត​បែបណា​នោះ​ទេ​។​

ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ជាច្រើនរូប​ទៀត បាន​ចុះ​អន្តរាគមន៍​ដល់ កន្លែងកើតហេតុ នាំខ្លួន​បុរស​ខាងលើ​ទៅ​កាន់ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ប៉ុន្តែ មិនដឹងថា ពួកគាត់ នឹង​មាន​វិធានការ​បែបណា​នោះ​ទេ ចំពោះ ជន​ដែល ប្រើប្រាស់​អាវុធ មិន​ស្គាល់​កា​លះ​ទេ​សះ បែបនេះ​៕
Untitled-1