ចោរ​ប្រដាប់អាវុធ​២​នាក់ ធ្វើ​សកម្មភាព​បាញ់​មួយ​គ្រាប់ ប្លន់​ម៉ូតូ​ស្កុប​ពី ពី​នារី​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព​

ភ្នំពេញ : ចោរ​ប្រដាប់អាវុធ​មួយក្រុម មាន​គ្នា​ពីរ​នាក់ ធ្វើ​សកម្មភាព​បាញ់​មួយ​គ្រាប់ គំរាម​ប្លន់​យក​ម៉ូតូ​ម៉ាក ស្កុប​ពី ពី​នារី​ម្នាក់ បានសម្រេច​ដោយ​សុវត្ថិភាព ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៩២ ស្ថិតក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ២១ និង ១៥​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​
​ ​
នារី​រង​គ្រោះ​ក្នុង​អំពី​ភ្ជង់​ប្លន់​ខាងលើ​មានឈ្មោះ​ហួត ពុធ​សុជាតា អាយុ​២១​ឆ្នាំ មុខរបរ​ជា​និស្សិត មាន​ទីលំនៅ​ភូមិ​ពង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​ ​
យោង​សម្តី​រៀបរាប់​របស់​នារី​រង​គ្រោះ​បានអោយដឹងថា ដំបូង​ឡើយ​រូបនាង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​ម្នាក់ឯង ទើបតែ​ត្រឡប់មក​ពី​ដើរលេង​នៅ កោះ​ពេជ្រ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្កុប​ពី​ដូច គ្នា មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ជិះ​មក​ពី​ក្រោយ រួច​ដក​កាំភ្លើង​ធ្វើ​សកម្មភាព បាញ់​មួយ​គ្រាប់ ប្លន់​យក​ម៉ូតូ​ពី​នារី​រងគ្រោះ ហើយ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។​
​ ​
ក្រោយ​កើតហេតុ នារី​រងគ្រោះ បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​សាច់ញាតិ រួច​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កក់​ទី​២ ដើម្បី​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​បន្ត រួច​ត្រឡប់​ទៅ​គេហដ្ឋាន វិញ​ធម្មតា​៕
Untitled-1