នារី​ម្នាក់​ចេញពី​ធ្វើការ​នៅ​កោះ​ពេជ្រ ជូន​មិត្ត​ភក្ត្រ​ទៅផ្ទះ​ត្រូវ​ចោរ​ឆក់​បាត់​

ភ្នំពេញ​៖ នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ធ្វើការ​នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ ជូន​មិត្ត​ភក្ត្រ​ទៅផ្ទះ ត្រូវបាន​ចោរ​ម្នាក់​ឆក់​កាបូប​រួច​រត់គេចខ្លួន​បាត់ស្រមោល ដែល​ក្នុងនោះ​មាន​គ្រឿង​សម្ភារៈ​មាន​តំលៃ​មួយ​ចំនួន និង​ថវិការ​ជាង​១០០​ដុល្លារ បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​១១​នឹង​៤០​នាទី​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងកើត​សាលាបឋមសិក្សា​អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង បឹងត្របែក​ខាងកើត តាម​បណ្តោយ​ផ្លូវ​លេខ​១០១ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។
​ ​
តាម​សម្តី​រៀបរាប់​ពី​នារី​ជា​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ នារី​រងគ្រោះ​មាន​គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​គុប​ជ្រុង​ពណ៍​ទឹកប៊ិច មួយ​គ្រឿង​ចេញពី​ធ្វើការ​នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​វិញ ខណៈ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០១ ខាងកើត​សាលាបឋមសិក្សា​អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង បឹងត្របែក ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​ដើរ​ថ្មើជើង​ហើយ​បាន​ដើរមក​ក្បែរ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​នារី​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ បានសម្រេច​ហើយ​រត់​ផ្លោះ​របង​ចូល​ក្នុង​សាលាបឋមសិក្សារ​បឹងត្របែក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​
​ ​
សាក្សី​ដដែល​បាន​បន្តថា កាបូប​ដែល​ត្រូវបាន​ចោរឆក់​ទៅ​បាត់​នោះ នៅ​ក្នុង​ការ​បូ​ប​មាន​លុយ​សរុប​ប្រហែល​១០០​ដុល្លារ នៅ​កាតគ្រី​ម៉ូតូ អត្តសញ្ញាណប័ណ្ណ និង​សម្ភារៈ​មួយចំនួនទៀត​។​
​ ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ និង​បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹងត្របែក ដើម្បី​ងាយស្រួល​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​យក​មក​ដាក់ទោស​តាមច្បាប់​៕
Untitled-1