ស្លាប់ និង​របួស​ជាង ៤០​នាក់ ដោយសារ​គ្រោះថ្នាក់ ចរាចរណ៍​ថ្ងៃ​សៅរ៍ ទី​១៥

ភ្នំពេញ​៖ នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ១៣​លើក (​យប់ ០៧​លើក​), មាន​មនុស្ស​ស្លាប់ ០៩​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១៧​នាក់ (​ស្រី ០៧​នាក់​) និង​រង​របួសស្រាល ១៨​នាក់ (​ស្រី ០៤​នាក់​)​។​
​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៣​គ្រឿង ក្នុង​នោះ​ម៉ូតូ ១២​គ្រឿង​, រថយន្ត​ធុន​តូច ០៧​គ្រឿង​, រថយន្ត​ធុន​ធំ ០១​គ្រឿង និង​យាន​ផ្សេងៗ ០៣​គ្រឿង​។​

ប្រភព​ខាងលើ ឲ្យដឹង​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី កត្តា​ល្បឿន ០៦​លើក​, មិន​ប្រកាន់​ស្តាំ ០២​លើក​, ប្រជែង​គ្រោះថ្នាក់ ០២​លើក​, បើកបរ​ងងុយដេក ០១​លើក​, កត្តា​យានយន្ត ០១​លើក និង​ត្រាក់ទ័រ​ក្រឡាប់ ០១​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់​មួកសុវត្ថិភាព ២០​នាក់ (​យប់ ១៣​នាក់​)​។​

​ចំពោះ​រថយន្ត ដែល​ទទួលរង​ការផាកពិន័យ នៅ​អង្គភាព នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ មាន​ចំនួន ៦២៤​គ្រឿង គឺ​រថយន្ត​ទេសចរណ៍​គ្រួសារ ៧៨​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៣១០​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច ៤២​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៩៤​គ្រឿង​។ រថយន្ត​ទាំងអស់​ខាងលើ បាន​បង់​ប្រាក់​ពិន័យ​រួចរាល់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៤៤​គ្រឿង​, នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៣១​គ្រឿង និង​នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ៤៩​គ្រឿង​៕