រថយន្ត​កាមរី​ឆ្លាម​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ជ្រុល​បុក​ម៉ូតូ​វីវ៉ា បណ្តាលអោយ​រង​ការខូចខាត​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​ដែល​បង្កឡើង ដោយសារ​រថយន្ត​ម៉ាក​កាមរី​បា​ឡែន​មួយ គ្រឿង បើកបរ​ដល់​ចំណុច​ផ្លូវកែង មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​វីវ៉ា ពេញទំហឹង បណ្តាលអោយ​ដួល​រង​ការខូចខាត​នៅ ចំណុច​ផ្លូវ​លេខ ១៣៦ កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ១២ និង ០០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​ ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត ឃើញ​បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-1971 ជិះ​ធ្វើ​ដំណើរ​ឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុចកើតហេតុ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក កាមរី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8374 បើកបរ​ដោយ​បុរស ចំណាស់​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​បុក​ម៉ូតូ​វីវ៉ា ពេញទំហឹង​បណ្តាលអោយ​ដួល បោក​ផ្ទប់​ទៅ​នឹង​ថ្នល់​រង​ការខូចខាត​ទាំង​រថយន្ត និង​ម៉ូតូ ប៉ុន្តែ​មិន​មាន​បណ្តាលអោយមាន​មនុស្ស​រងរបួស​ធ្ងន់ ឡើយ​គ្រាន់តែ រលាត់​ដៃ​រលាត់​ជើង​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​
​ ​
ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន ចុះ​អន្តរាគមន៍​វាស់វែង រួច​យក ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​៕
photo 1

photo 2

photo 3

sfaf