ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់​ម៉ូតូ​មួយគ្រឿង ផ្អើល​ប៉េអឹម​៤​ខណ្ឌ អន្តរាគមន៍ ចាប់ខ្លួន​ស្ទើរ​ពេញ​រាជធានី​

​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៤ ខណ្ឌ ក្នុងនោះ​មាន​ខណ្ឌមានជ័យ ដង្កោរ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​អាវុធហត្ថ​ក្រុង ចុះ​អន្តរាគមន៍ ឆែកឆេរ តាម​ដងផ្លូវ​នានា ក្នុង​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ បន្ទាប់​មាន​ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​ពីរ​នាក់ ធ្វើ​សកម្មភាព បាញ់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់​សេ​១២៥ ពី​បុរស​ម្នាក់ បាន​សម្រេច​នៅ​ចំណុច​ផ្លូវ​ប៉េតុង​មួយកន្លែង ជាប់​នឹង​របង ភ្នំពេញ water park ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ២៣ និង ០០​នាទី យប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ បានសម្រេច​ដោយ​សុវត្ថិភាព ។​
​ ​
យោង​តាម​សម្តី​រៀបរាប់​របស់​បុរសរ​ង​គ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ព្រោះ​ខ្លួន​ទើបតែនឹង​ទិញ មិនទាន់​បាន​មួយ ខែ​ផង បំណង​ជិះ​ត្រឡប់​ផ្ទះ​វិញ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ ត្រូវ​ក្រុមចោរ​ប្រដាប់​អាវុធ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មក​ពី​ក្រោយ​ហើយ​ដក​កាំភ្លើង បាញ់​មួយ​គ្រាប់​គំរាម​បុរសរងគ្រោះ​អោយ​ចុះ​ពីលើ​ម៉ូតូ​។ ឃើញ​ដូច​នោះ​បុរស​រងគ្រោះ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ ដោយ​ដក​សោរ​មក​ជាមួយ ហើយ​ព្យាយាម​រត់គេចខ្លួន ទើប​ក្រុមចោរ​ទាំង​ពីរ​នាក់ មាន​ម្នាក់​សម្រេច​បណ្តើរ​ម៉ូតូ ដើម្បី​រត់​គេច​ទោះបី​គ្មាន​សោរ​ចាក់​ក៏ដោយ​។

​ប្រភព​ដដែល​បន្តថា ក្រោយពេល​ដែល​ក្រុមចោរ​បណ្តើរ​ម៉ូត​រត់គេច​នោះ បុរសរងគ្រោះ​បាន​ស្រែកឆោរ ឡោរ​អោយ​គេឯង​ជួយ បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ ពួន​ស្ទាក់​ចាប់ ស្ទើរ គ្រប់​ទីកន្លែង​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ប៉ុន្តែ​មិន​ត្រូវបាន​ប្រទះ​ឃើញ​អ្វី​នោះទេ​។​

​លុះ​ក្រោយ​កើតហេតុ ប្រមាណ​កន្លះ​ម៉ោង សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ នៅ​ចំណុច​ផ្លូវ​២០០៤ ហើយ​ក៏​ធ្វើ​ការដេញ​តាម​ចាប់ខ្លួន ។ ចំណែក​ជនសង្ស័យ​ទាំង​ពីរ​ឃើញ ដូចនេះ ក៏​បោះ​កាំភ្លើង​របស់​ខ្លួន​ចោល ហើយ​ព្យាយាម​បន្ថែម​ល្បឿន​ម៉ូតូ ដើម្បី​រត់​គេចខ្លួន​បន្ត​ទៀត ។ ជុំវិញ​ការដេញ​តាម ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ដែរ កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៤ ខណ្ឌ សហការ​ជាមួយ​អាវុធហត្ថ​ក្រុង បាន​អន្តរាគមន៍​ស្ទើរ​គ្រប់​ច្រកល្ហក ក្នុង​ភូមិសាស្ត្រ ខណ្ឌ​សែន​សុខ និង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ពួន ស្ទាក់​ចាប់​ខ្លួន​ជនសង្ស័យ ប៉ុន្តែ កម្លាំង​អាវុធ​បានត្រឹមតែ​ស្ទាក់​ចាប់បាន​យុវជន​ពីរ​នាក់ ខណៈ​ពួកគេ​ទាំង​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥ តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់​មិន​ព្រម​ឈប់ ដែល​គ្រាន់តែ​ជា​មុខសញ្ញា​សង្ស័យ​តែប៉ុណ្ណោះ​។ ក្រោយ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ រួច កម្លាំង​អាវុធហត្ថ​បាន​បញ្ចូន​ខ្លួន​ពួក​គេ​ទាំង​ពីរ​ទៅ​កាន់​ទី​បញ្ជារ​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ភ្លាមៗ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​
​ ​
សូមបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​របស់​កម្លាំង​កង​រាជ​អាវុធ​ក្នុង​ដេញ​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​ទាំង​ពីរ​នាក់ ខាងលើ​នេះ​ដែរ គឺ កម្លាំង​អាវុធហត្ថ​បាន​រុក​រើរ​គ្រប់​ផ្ទះសំណាក់ និង​ជិះ​ល្បាត​គ្រប់​ច្រកល្ហក ក៏ដូចជា​ឃាត់​នូវ ម៉ូតូ​គ្មាន​ស្លាក​លេខ​មួយ​ចំនួន ដើម្បី​ធ្វើ​ការសាកសួរ ក្រែង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើ​ល ផ្សេងៗ ។​
​ ​
គួរ​បញ្ជាក់​ផង​ដែរ​ថា មួយ​រយះពេល​កន្លងមក​នេះ គេ​សង្គេតឃើញថា ក្នុង​រាជធានី​ភ្នំពេញ អំពើ​បាញ់ ភ្ជង់ ប្លន់​ប្រដាប់អាវុធ និង​អំពើ​អសន្តិសុខ​ផ្សេងៗ តែងតែ​កើតមាន​ជារឿយៗ ដែល​ជា​កត្តា​មួយ​ធ្វើអោយ​បាត់បង់ នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង ផ្ទុយ​ចាក​ពី​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា ៕
asfa