បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត​រ៉ង់​រ៉ូ​វ៉ែ​ក្នុង​ល្បឿន​លឿន បុក​បង្គោល​ភ្លើង រួច​បន្ត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ រថយន្ត​រ៉ង់​រ៉ូ​វ៉ែ​មួយគ្រឿង បាន​រង​ការខូចខាត​យ៉ាងដំណំ ដោយសារ​តែ​បុរស​ម្នាក់ ស្រវឹងស្រា​បើកបរ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ធ្លាក់​ខ្ចាយ​ពេញ​ផ្លូវ រួច​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​នឹង​១៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ កែង​នឹង​ផ្លូវ​១៨៣ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
​ ​
ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់ ទំនង​ជា​ស្រវឹងស្រា បើកបរ​រថយន្ត​មួយគ្រឿង ពណ៌​ស ម៉ាក​រថយន្ត​រ៉ង់​រ៉ូ​វ៉ែ ពាក់​ស្លាក​លេខ ភ្នំពេញ 2I- 8808 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ខណៈ​មក​ដល់​ចំណុចស្តុ​បផ្សារ​ដេប៉ូ កែង​នឹង​ផ្លូវ​លេខ​១៨៣ ស្រាប់តែ​រេ​ចង្កូត​ឡើង​ឃឿន​ទៅ​បុក​បង្គោល​ភ្លើង បំភ្លឺ ផ្លូវ​បណ្តាលឱ្យ​ធ្លាក់​អំពូល​ខ្ចាយ​ពេញ​ផ្លូវ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឱ្យ​រថយន្ត​ដាច់​កាឡេរ គាប​ជាប់​ទៅមុខ​លែងរួច រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​អ្នកបើកបរ​មិន​បាន​រងរបួស​នោះ​ទេ ។
​ ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​ការអន្តរាគមន៍​ភ្លាមៗ ដល់​កន្លែងកើតហេតុ និង បាន​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​ចុះ​មក​វាស់វែង រួច​ស្ទូច​យក​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចណ៍​ខាងលើ​នេះ គឺ​បណ្តាលមកពី​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ក្នុង​ល្បឿន​លឿន ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​ដូច្នេះ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រងរបួស​នោះទេ ៕​
photo 1

photo 2

photo 3