អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រេច​តែ​ចិត្ត​

ភ្នំពេញ ៖ យន្តការ​គ្រប់គ្រង​នៅ​ក្នុង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ អនុវត្តន៍​តាម​រូបមន្ត​អ្វី​នោះទេ ព្រោះ​គេ​កត់សម្គាល់ឃើញ​ថា មន្ត្រី​ធំៗ​ដែល​កាន់​តំណែង​តាំងពី​ជំនាន់​លោក សូរ ឃុន នៅតែ​មាន​ឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​និង​អសកម្ម​ដដែល ទោះបីជា​មាន​ការផ្លាស់ប្តូ​រ​រដ្ឋមន្ត្រី ដោយ​លោក ប្រាក់ សុខុន ឡើង​មក​កាន់​តំណែង​ជំនួស​លោក សូរ ឃុន ក៏​រូបភាព​នៃ​ការគ្រប់គ្រង​ដឹកនាំ​ក្នុង​ក្រសួង​នេះ​នៅតែ​ដដែល គ្មាន​អ្វី​ប្រែប្រួល ។​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ដដែល តំណែង​នេះ​កាន់​ឡើង​ដុះ​ស្លែ បើ​និយាយ​តាម​ភាសា​សាមញ្ញ គឺ​លោក អោក បូរ៉ា ទទួលបាន​បុព្វសិទ្ធិ​យ៉ាង​ពិសេស​ក្នុងការ​ធ្វើ​ប្លង់​រឹង​ដើម្បី​កាន់តំណែង ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ហើយ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក អោក បូរ៉ា គេ​ហ៊ាន​ទស្សន៍​ទាយ​ថា លោក ប្រាក់ សុខុន ដែល​ជា​រដ្ឋមន្ត្រី​ទើប​ឡើង​តំណែង​ជំនួស​លោក សូរ ឃុន មិន​បានដឹង​ពី​ភាព​អសកម្ម​ទាំងនេះ​ទេ ហើយ​ទោះ​ចង់​ឬ​មិន​ចង់​ការប្រព្រឹត្ត​របស់លោក អោក បូរ៉ា កំពុង​បង្ក​ផលប៉ះពាល់​ដល់​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ។ មន្ត្រី​តូចតាច បាន​បង្ហើប​ឲ្យដឹងថា ជាគោលការណ៍​រដ្ឋលេខាធិការទទួល​ផែន​នៅក្នុង​ក្រសួង​នេះ​ចង់​មាន​អំណាច​បង្ក ព្យុះ​ភ្លៀង​តែងតាំង​មន្ត្រី ឬ​អន្តរាគមន៍​ការពារ​មុខតំណែង​មន្ត្រី​ណា​ម្នាក់​ខ្លាំង​ជាង​រដ្ឋ​មន្ត្រី ទៅទៀត ដូច្នេះ​ហើយ​បាន​ជា​មន្ត្រី​ដុះ​ស្លែ​មួយចំនួន​ពួកគេ​នៅ​អាច​បង្ក​ព្យុះភ្លៀង ដោយសារតែ​ពួកគេ​មាន​បង្អែក​ជា​រដ្ឋលេខាធិការ​ជួយ​ការពារ​។​
​លោក អោក បូរ៉ា កាន់តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍ កម្ពុជា ច្រើន​ឆ្នាំ​មកហើយ អត់​មាន​ការផ្លាស់ប្តូរ​ទៅ​ណា​នោះ​ទេ​បើ​ទោះបីជា​ក្នុង​អង្គភាព​នេះ​មាន​ភាព អសកម្ម​មិន​ប្រក្រតី អំពើពុករលួយ​កិបកេង​ចំណូល​ថវិកាជាតិ កើតឡើង​តាម​គ្រប់​រូបភាព​ក៏ដោយ មិនដឹង​ជា​លោក អោក បូរ៉ា មាន​អំណាច​អ្វី​ពិសេស​នោះ​ទេ ទើប​គាត់​អាច​តោង​តំណែង​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ឡើង​ដុះ​ស្នឹម គ្មាន​នរណា​អាច​ប្រជែង​ជ្រែ​យក​តំណែង​របស់​គាត់​បាន​ទេ​។​តាមពិតទៅ លោក អោក បូរ៉ា គឺជា​មនុស្ស​ជំនិត និង​ធ្លាប់​ជា​អ្នក​រក​លុយ​ទៅ​ផ្គត់ផ្គង់​លោក សូរ ឃុន ចុះ​មូលដ្ឋាន​ពង្រឹង​បក្ស​នៅ​ឯ​ខេត្តតាកែវ ទើប​គាត់​អាច​មាន​គុណសម្បត្តិ​ក្រាញ​តំណែង​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ ទោះ​ជា​លោក ប្រាក់ សុខុន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​យ៉ាងណាក៏ដោយ ក៏​សិទ្ធិ​អំណាច​របស់​លោក អោក បូរ៉ា នៅតែ​រឹងមាំ មិន​ខ្វល់​ពី​កំណែទម្រង់ ស៊ីជម្រៅ ។​
​អំណាច​របស់​លោក អោក បូរ៉ា គាត់​អាច​ចាត់តាំង​មន្ត្រី​ឲ្យកាន់កា​រងារ​តាមតែ​អំពើ​ចិត្ត​ប្រសិនបើ មន្ត្រី​ថ្នាក់ក្រោម មិនមែន​ជា​ខ្សែ​ទុយោ​របស់​គាត់​ទេ ត្រូវ​គេ​បញ្ជូន​ឲ្យទៅ​កាន់​ការិយាល័យ​ដែល​គ្មាន​ការងារ​ធ្វើ ឬ​មាន​តែ​ការងារ​អត់​មាន​ប្រាក់​ចំណូល​។​លោក អោក បូរ៉ា ក៏​បាន​ប្រើ អំណាច​របស់​ខ្លួន​ក្នុង​ការជ្រើសរើស​មន្ត្រី ជាប់​កិច្ចសន្យា​ឬ​ការជ្រើសរើស​មន្ត្រី​ពេញសិទ្ធិ​ដែល​ជា​ខ្សែ​ទុយោ ឬ​សាច់ញាតិ​របស់​ពួកគាត់​ឲ្យ​ស៊ី​ប្រាក់ខែរ​ដ្ឋ​យ៉ាង​ប្រសេចប្រសាច បើ​ទោះបីជា​ពេល​ខ្លះ​មន្ត្រី​ទាំងនោះ គ្មាន​ការងារ​ធ្វើ​ក្នុង​ប៊ុយ​រ៉ូនី​មួយៗ​គរ​ជើង​គ្នា​ក៏​លោក អោក បូរ៉ា រៀបចំ​ឲ្យមាន​ការជ្រើសរើស​មន្ត្រីធំៗ​ឲ្យចូល​បម្រើ​ការងារ​ដេក​ស៊ី​តែ ប្រាក់ខែ​បំផ្លាញ​ចំណូល​ថវិកាជាតិ​។​មន្ត្រី មួយចំនួន​បាន​លើកឡើង​ថា ក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ដែល​មាន​ភាព​អសកម្ម និង​រឿងអាស្រូវ​ពុករលួយ​ប្រហាក់ប្រហែល​អង្គភាព​ប្រៃសណីយ៍​កម្ពុជា ដែល​សុទ្ធសឹង​ជា​អង្គភាព​ស្វយ័ត​មាន​ភាព​ម្ចាស់ការ​លើ​ចំណូល​និង​ចំណាយ ចំណូល ឲ្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ គឺ​ក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ចំនួន​២​លើក​រួចមកហើយ គឺ​ទី​១ មាន​ការផ្លាស់ប្តូរ​តំណែង​លោក ឡៅ សារឿ​ន ជំនួស​ដោយ​លោក កឹម វិ​ក្រា ហើយ​ពេលនេះ​ក៏​មាន​ការផ្លាស់ប្តូរ​លោក កឹម វិ​ក្រា ដាក់​ជំនួស​ដោយ​លោក ឡាយ ម៉ា​រី​វ៉ូ ក្រោមរូបភាព​កែទម្រង់​ដើម្បី​ធ្វើឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ស្ងប់ចិត្ត​។ ប៉ុន្តែ​ក្នុង​អាណត្តិ​ដូចគ្នានេះ អង្គភាព​ប្រៃសណីយ៍​កម្ពុជា មិន​មាន​ការផ្លាស់ប្តូរ​តំណែង​លោក អោក បូរ៉ា នោះ​ទេ​មិនដឹង​ជា​មាន​អាថ៌កំបាំង​អ្វី ព្រោះ​ជា​គោលការណ៍ របៀប​ដឹកនាំ​មួយ​ដែល​ដុះ​ស្នឹម ពោរពេញ​ដោយ​អំពើ​បក្ខពួកនិយម មាន​ការលួចបន្លំ​ចំណូល​ថវិកាជាតិ ។​

អោក-បូរ៉ា-420x288-300x205