បញ្ជូន​ជនសង្ស័យ​ម្នាក់​ឡើង​តុលាការ ពី​បទ​បង្ក​ការ​របួសស្នាម​ដោយ​ចេតនា

ភ្នំពេញ​៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ឡើង​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្រោយ​ពី​ជន​នេះ​បាន​បង្ក​អំពើហិង្សា វាយ​គ្រូបង្រៀន បណ្តាលឲ្យ​រងរបួស កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ។

​នាយរង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ លោក ហួត សីហា បានឲ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​នេះ ឈ្មោះ សុខា ផល្លា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រែក​ដួង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ ស៊ីណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ ឃុំ​កើតហេតុ​។

​គួរបញ្ជាក់​ថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដំបូង​ឡើយ ជនរងគ្រោះ​កំពុង​បង្រៀន​សិស្ស​នៅក្នុង​សាលា ស្រាប់តែ​ជនសង្ស័យ​អឺត​តាម​បង្អួច​ថា ឯក​បង្រៀន​ខុស​ហើយ ហើយ​ជនរងគ្រោះ​ក៏​តប​ថា បើ​ខ្លួនឯង​ពូកែ​ចូល​មក​បង្រៀន​មក ភ្លាម​នោះ​ជនសង្ស័យ​ក៏​ចូល​ទៅ​វាយ​ជនរងគ្រោះ​ចំនួន​៣​ដៃ បណ្តាល​ឲ្យ​បែក​កញ្ចប់មាត់ ទើប​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង ៕
photo 4