ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម មាន​គ្នា​៥​នាក់ ធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ​សេ​១២៥ តែ​មិនបាន​សម្រេច​

ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង បាន​ប្រើ​កាំភ្លើង ធ្វើ សកម្មភាព​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពី​យុវជន​ម្នាក់​តែ​មិនបាន​សម្រេច នៅ​ចំណុច ផ្លូវ​បេតុង​មួយ​កន្លែង​ក្រោយ​វត្ត​គោក​ចម្បក់ ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ២ និង ៤៥​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤៕
​    ​
ជនរងគ្រោះ​ក្នុង​អំពើ​បាញ់​ប្លន់​ខាងលើ​នេះ​មានឈ្មោះ វិន វែង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ជិត កន្លែងកើតហេតុ​។​
​    ​
យោង​សម្តី​រៀបរាប់​របស់​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​មាន​ហេតុ​នេះ​កើតឡើង គឺ​រូប​ខ្លួន បាន​ចេញពីផ្ទះ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​សេ​១២៥ សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ  1BH-5185  បំណង​ឆ្ពោះទៅ​ផឹកស៊ី​នៅ​ក្លឹប លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ​មួយ ក្រុម​មា​គ្នា ៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក បាន​ជិះ​មក​ពី​ក្រោយ​រួច​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​គំរាម អោយ​ចុះ​ពីលើ​ម៉ូតូ​។ ដោយ​ឃើញ​ដូចនេះ ជនរងគ្រោះ​ក៏​បាន​ដក​សោរ​រួច​ចុះ​ពីលើ​ម៉ូតូ រត់គេចខ្លួន ហើយ​ជនសង្ស័យ ម្នាក់​ក៏​បាន​លើក​ម៉ូតូ​បណ្តើរ​រត់ ព្រោះតែ​មិន​មាន​សោរ​ចាក់ ប៉ុន្តែ​បណ្តើរ​បាន​ប្រមាណ ១​គីឡូ​ដី ក៏​ផ្តួល​ម៉ូតូ​ចោល ហើយ​ឡើង​ជិះ​ម៉ូតូ​របស់​គ្នីគ្នា រត់គេចខ្លួន​បាត់ស្រមោល​សូន្យឈឹង ។​

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ និង​ធ្វើ​ការប្រគល់​ម៉ូតូ​ជូន​ទៅ​កាន់​ជនរងគ្រោះ ព្រមទាំង​នាំទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កា​កាប ដើម្បី​កំណត់​មុខ សញ្ញា​បន្ត រួច​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​៕
photo 1 photo 2