សង្សារ​មួយគូរ ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ ជិះ​រត់​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព

ភ្នំពេញ​៖ សង្សារ​មួយគូរ​ត្រូវ​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្កូប​ពី មួយគ្រឿង ជិះ​រត់​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ២ និង​១០ នាទី​រំលង​អាធ្រា​ត្រ ថ្ងៃទី ០៩ វិច្ឆិកា ២០១៤ នៅ​ចំណុច​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយសារ​រូបគេ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។ ដោយឡែក​មុន​ពេល​កើតហេតុ យុវជន​រងគ្រោះ​ខាងលើ ទើប​នាំ​សង្សារ​ត្រឡប់មក​ពី​ដើរលេង ហើយ​បាន​ធ្វើដំណើរ​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ឆ្ពោះទៅ​លំនៅឋាន តែ​ក៏​ត្រូវ​ក្រុមចោរប្លន់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្កូប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-9945 ដែល​ជា​កម្ម​សិទ្ធ​របស់​នារី​ជា​សង្សារ ទៅ​បាត់​ដោយ​សុវត្ថិភាព​តែម្តង ។

​បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​បាន​មក ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្បារអំពៅ​ទី​១ រួច​ក៏​ត្រឡប់​ទៅ​លំនៅឋាន​វិញ ។​

photo 3 photo 4