រំលឹក​ខួប លើក​ទី​៦១​ឆ្នាំ នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩​វិច្ឆិកា បាន​ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព ព្រះមហាក្សត្រ​

​ភ្នំពេញ​៖ ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ ក្នុង​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ បាន​កំពុង​ប្រារព្វ​ពិធី​រំលឹក​ខួប លើក​ទី​៦១​ឆ្នាំ នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ (៩​វិ​ចិ្ឆ​កា​១៩៥៣- ៩ វិ​ចិ្ឆ​កា ២០១៤) នៅ​បរិវេណ​រង្វង់​មូល វិមាន​ឯករាជ្យ​ក្នុង រាជធានី​ភ្នំពេញ ។​

សូម​រម្លឹកថា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧដុង្គ​ឧត្ដម របស់​ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ ព្រះរាជាណាចក្រ​កម្ពុជា បានទទួល ឯករាជ្យ​ទាំងស្រុង ពី​សាធារណរដ្ឋ​បារាំង បន្ទាប់​ពី​ការ​រស់នៅ​ក្រោម​នឹម​អាណានិគម​អស់​រយពេល​៩០​ឆ្នាំ ។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម ព្រះអង្គ​ជា «​ព្រះមហា​វីរបុរស​ជាតិ​-​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​» ៕