ចោរប្លន់​ប្រដាប់អាវុធ​២​នាក់ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ស្គុប​ពីរ ពី​នារី​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព​

​ភ្នំពេញ : ចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​ពីរ​នាក់ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ស្គុប​ពី ពី​នារី​ម្នាក់ បានសម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ ៤៣២ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៣ និង ៣០​នាទី​ទាបភ្លឺ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

​យោង​តាម​សម្តី​រៀបរាប់​របស់​នារី​រង​គ្រោះ​បានអោយដឹងថា ដំបូង​ឡើយ​រូបនាង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្គុប​ពី ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​ជាច្រើន​ម៉ូតូ​ផ្សេងទៀត ជាមួយ​មិត្តភក្តិ​របស់​ខ្លួន ប៉ុន្តែ​មក​ដល់​ចំណុចកើតហេតុ នារី​ខាងលើ​បាន​ជិះ​មក​ដាច់​ពី​គេ​តែ​ម្នាក់ឯង ស្រាប់តែ​មាន​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុប​ពី​ដូចគ្នា មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ជិះ​មក​ពី​ក្រោយ​រួច​ដក​កាំភ្លើង​ធ្វើ​សកម្មភាព ភ្ជង់​ទៅលើ​នារី​រងគ្រោះ គំរាម​អោយ​ចុះ ពីលើ​ម៉ូតូ​រួច ជនសង្ស័យ​ម្នាក់ ដែល​រួម​ដំណើរ​ពី​ក្រោយ ឡើង​ជិះ​ម៉ូតូ​នារី​រង គ្រោះ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​។​

ក្រោយ​កើតហេតុ​នារី​រងគ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ទំពូង​ទី​១ ដើម្បី​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​បន្ត រួច​ត្រូវបាន​មិត្តភក្តិ​ជូន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ធម្មតា​។ ហើយ ចំណែក អត្តសញ្ញាណ​នារី​រងគ្រោះ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ព្រោះ នារី​រងគ្រោះ សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​។​
​    ​
ប្រជាពលរដ្ឋ​បាន​នាំគ្នា​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ទីតាំង​ភូមិសាស្ត្រ​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​នេះ ព្រោះ​កន្លងមក ក៏ដូចជា​ពេល​នេះ មិន​ថា​ពេល​ព្រលឹម ឬ​ពេល​ទាបភ្លឺ​នោះទេ តែងតែ​មាន​អំពី​ភ្ជង់ បាញ់ ប្លន់​ប្រដាប់ អាវុធ​កើតឡើង​ជារឿយៗ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហាក់ដូចជា​ទីតាំង​មួយ​ដែល​គ្មាន​អ្នកយាម​ការ ចង់​ធ្វើ​អ្វី ឬ​បង្ក​ភាពអសន្តិសុខ​អ្វី តាម​អំពើ​ចិត្ត ដែល​វា​ផ្ទុយ​ចាក​ពី​គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វត្ថ​ភាព​របស់​ប្រមុខ​រាជ រដ្ឋាភិបាល កម្ពុជា​៕

Untitled-1