ជិះ​ម៉ូតូ​រវល់​តែ​និយាយ​ទូរស័ព្ទ ភ្លេច​មើលមុខ ជ្រុល​បុក​គូទ​រថយន្ត​ស៊ុន​ទ្រី រងរបួស​ធ្ងន់​ខ្លួនឯង​

ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ ខណៈ​រូបនាង​ជិះ​ម៉ូតូ ហើយ​រវល់​តែ​និយាយ​ទូរស័ព្ទ ភ្លេច​មើល​ទៅ​មុខ ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ស៊ុន​ទ្រី​ពីក្រោយ​ពេញទំហឹង នៅ​ចំណុច​ទល់មុខ​ធនាគារ អេស៊ីលីដា ស្ថិត​តាម បណ្តោយ​ផ្លូវ​ម៉ៅ​ង​សេទុង ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១​និង ០០​នាទី​យប់​រំលង​អាធ្រា​ត្រ ឈាន ចូល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ នារី​រងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ  1BG- 6261 ជិះ​ធ្វើ​ដំណើរ​តាម បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន​ល្មម លុះ​មកដល់​ចំណុច​មុខ​ធនាគារ អេស៊ីលីដា ខណៈ​រូបនាង​កំពុងតែ​ជាប់​និយាយ​ទូរស័ព្ទ​ផង​នោះ ស្រាប់តែ​ជ្រុល​បុក​គូទ​រថយន្ត​ស៊ុន​ទ្រី​ពីក្រោយ ពេញទំហឹង​បណ្តាលអោយ​ដួល​បោក​ផ្ទប់​នឹង​គូទ​រថយន្ត​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង ត្រូវ​បាន​រថយន្ត​សាមុយ របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូង​រង​ការខូចខាត​ផ្នែក​ខាង​មុខ ។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ រួច​លើក​យក​ម៉ូតូ​ជន​រង គ្រោះ​ទៅ​រក្សាទុក​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹងត្របែក រង់ចាំ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​អោយមក​ទទួលយក​ទៅ វិញ ។

សូមបញ្ជាក់​ថា គ្រោះថ្នាក់​ខាងលើនេះ គឺ​បង្កឡើង​ដោយសារ នារី​រងគ្រោះ​ខ្វះ​ការប្រុងប្រយ័ត្ន​ខ្ពស់ ពេល​បើក​ម៉ូតូ​យក​ពេល​មក​និយាយ​ទូរស័ព្ទ ទៅវិញ ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើតឡើង​តែម្តង​។
photo 1 photo 2 photo 3 photo 4