បើក​ម៉ូតូ​លឿន​ដល់​ចំណុច​ផ្លូវ​កែង ជ្រុល​បុក​រថយន្ត​វី​ហ្គូ ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

ភ្នំពេញ​៖ យុវជន​វ័យ​ប្រមាណ​២០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង អាណោចអាធ័ម​បំផុត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បន្ទាប់ពី​រូប ខ្លួន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​សេ​១២៥ ក្នុង ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ  កែង មិន​បង្អង់​ជ្រុល​បុក​ផ្ទប់​នឹង​រថយន្ត​វី​ហ្គូ​ពេញទំហឹង កាលពី​វេលា​ម៉ោង ២១ និង ១០​នាទី​យប់ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ ៣៤៨ កែង ផ្លូវ​លេខ​១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។​

យុវជន​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ មានឈ្មោះ រ៉េ​ន សុគា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ជុំ​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម​។​

យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ យុវជន​រងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1K-8203  ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៤៨​ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើត​ហេ​ត​ខាងលើ ដែលជា ចំណុច​ផ្លូវ​កែង​នោះ ស្រាប់តែ​ជ្រុល​ទៅបុក​ផ្ទប់​នឹង​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត ម៉ាក វី​ហ្គូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-7435 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៩៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេញទំហឹង បណ្តាល​អោយ​យុវជន​រងគ្រោះ​ផ្លោង​ទៅ​បោក​នឹង​រថយន្ត រួច​ដួល បោក​ផ្ទប់​ទៅ​នឹង​ថ្នល់ បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ ចំណែក ម៉ូតូ និង រថយន្ត​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរា​គន៍​វាស់វែង យក​ទាំង​រថយន្ត និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ចំណែក​សព សមត្ថកិច្ច​កំពុង​ធ្វើ​ការទំនាក់ទំនង​ទៅ​សាច់ញាតិ អោយ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ គឺ​បង្កឡើង​ដោយសារ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ខាងលើ បើក បរ​ខ្វះ​ការប្រុងប្រយ័ត្ន​ខ្ពស់ ពេល​បើក​ដល់​ចំណុច​ផ្លូវកែង​មិន​ព្រម បន្ថយល្បឿន និង បើក​លឿន​ហួស ល្បឿន​កំណត់​ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើតឡើង​តែម្តងទៅ​។ ហើយ​សូម​បញ្ជាក់ បន្ថែមថា អំឡុង​ពេល​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីត និង​សំពះ​ព្រះ​ខែ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១​នៃ ព្រះរាជ​ពិធីបុណ្យ​នេះ បាន​ឆក់យក​ជីវិត​៥​នាក់​ហើយ ដែល​ក្នុងនោះ​មាន ៥​ករណី​ផ្សេងៗ​គ្នា ក្នុង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បូក​ទាំង ករណី​ខាងលើ​នេះ​ផងដែរ​។​
photo 1 photo 2 photo 3 photo 4 photo 5