យុវជន​ម្នាក់​ត្រូវ​រថយន្តក្រុង បុក​ពីក្រោយ និង​កិន​បណ្តាលឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ

ភ្នំពេញ ៖​រថយន្តក្រុង​មួយគ្រឿង​បើក​បុក​យុវជន​ម្នាក់​ពីក្រោយ ខណៈ​កំពុង​បើក​ម៉ូតូ​ឆ្លងផ្លូវ រួច​កិន​បណ្តាលឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ត្រង់​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក កាលពី​វេលា ម៉ោង​៥​ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

យុវជន​ដែល​ស្លាប់​បាត់បង់​ជីវិត​ខាងលើនេះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ដោយ​ឡែក​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ យុវជន​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-3735 ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ដល់ ពាក់កណ្តាល​ផ្លូវ មាន​រថយន្ត​ក្រុង​មួយ​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ 3C-8788 ដឹក​ភ្ញៀវ​ទេសចរណ៍ ទៅ​ខេត្ត​កោះកុង បុក​ពីក្រោយ និង​កិន បណ្តាល​ឲ្យ ធ្លាយ​ខួរ ស្លាប់​ភ្លាមៗ តែម្តង​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច ចុះ​អន្តរាគមន៍ វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​នា​ពេល​ក្រោយ ចំណែក​សាកសព​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Pheak-0214 Pheak-0215