ជនសង្ស័យ​មួយក្រុម ប្រើ​ដាវ​សាំ​ម៉ូ​រៃ ធ្វើ​សកម្មភាព​កាប់​ប្លន់​ម៉ូតូ​សេ​១២៥ ពី​យុវជន​ម្នាក់ បានសម្រេច​ដោយ​សុវត្ថិភាព​

ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បី​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ​មួ​យ​ដើម ធ្វើ​សកម្មភាព​កាប់​ប្លន់ យក​ម៉ូតូ​សេ​១២៥ ពី​យុវជន​ម្នាក់ បានសម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ស្តុប​នាគ​វ័ន្ត ស្ថិត​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ២ និង ២០​នាទី ទាបភ្លឺ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​    ​
ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​ខាងលើ មានឈ្មោះ ហ៊ុន សោភ័ណ្ឌ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​អ្នក កំម្ម៉ង់​មុខម្ហូប​ក្នុង​ភោជនីយ៍ដ្ឋាន​មួយកន្លែង មាន​ស្រុកកំណើត​នៅ​ភូមិ​អង្កាញ់ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​។​
​    ​
យោង​តាម​សម្តី​រៀបរាប់​របស់​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ និង​មិត្តស្រី របស់​ខ្លួន​ម្នាក់​ផ្សេងទៀត បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទើបតែ​ឌុប​គ្នា​មក​ពី​ដើរលេង លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​ឈប់​ម៉ូតូ​អង្គុយ​និយាយ​គ្នា ខណៈ​នោះ​ស្រាប់ តែ​មាន​ជនសង្ស័យ​បីនាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​សលាយ​ផ្កាឈូក មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ឈប់ ក្បែរ ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ រួច​ទាញ​ដាវ​សាំ​ម៉ូ​រៃ​កាប់​ទៅលើ​ជនរងគ្រោះ ប៉ុន្តែ​សំណាងល្អ រូបគេ បានគេច​ទាន់ ទើប​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ហក់​ឡើង​ជិះ​ម៉ូតូ​ជនរងគ្រោះ រួច​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព តែម្តងទៅ​។

រី​ឯ​ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភត្តិ​ជូន​ទៅ​ធ្វើ​ការដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ផ្សារ​ដេប៉ូ​ទី​៣ រួច​ជូន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕
photo 1 photo 2