គណៈកម្មាធិការ​បុណ្យជាតិ និង​អន្តរជាតិ​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរ​ម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែតុលា គណៈកម្មាធិការ​បុណ្យជាតិ និង​អន្តរជាតិ​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរ​ម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ដ៏​មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម ថ្លៃថ្លា​នេះ មាន​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ គឺ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឯកឧត្តម លោកជំទាវ​តំណាង​មក​ពី​ស្ថាប័ន​ព្រឹទ្ធសភា   រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខមន្ត្រី ឯកអគ្គរាជទូត រដ្ឋទូត ភ្ញៀវ​មិត្តភក្តិ​បរទេស មន្ត្រីរាជការ កងកំលាំង ប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្ស​និស្សិត នៅ​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​កុះករ​។​

​គួររំលឹកថា នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០០៤ ក្រុមប្រឹក្សា​រាជ សម្បត្តិ​បាន សម្រេច​ជា​ឯកច្ឆ័ន្ទ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​បរិការណ៍​ដ៏​ថ្លៃថ្លា​នេះ ព្រះករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង បាន​សព្វព្រះរាជហឫទ័យ មាន​ព្រះរាជបន្ទូល​ថ្លែង​នូវ​ព្រះ​អំណរ​សាទរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច អ្នក​អម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ ជនរួមជាតិ ទូទាំង​ប្រទេស​ក៏ដូចជា​មិត្តភក្តិ​បរទេស​ដែល​បាន​ប្រារព្ធ និង​ចូលរួម​ក្នុង​ការរៀបចំ​នូវ ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១០​នៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជ សម្បត្តិ​របស់​ព្រះអង្គ​យ៉ាង​អធិកអធម​ថ្វាយ​ព្រះអង្គ ក៏ដូចជា​ការគោរព ព្រះ​វិញ្ញាណក្ខន្ធ​ថ្វាយ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ និង​បាន​គោរព​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រី​គ្រប់​ស្ថាប័ន និង​ប្រជារាស្ត្រ​ខ្មែរ​ដែល​បាន​ចូលរួម​យកចិត្តទុកដាក់​រៀបចំ​ព្រះរាជ ពិធី​ទាំងអស់នេះ​ឡើង​។ ព្រះករុណា បាន​បង្ហាញ​ពី​ការ​សព្វព្រះរាជហឫទ័យ រីករាយ​ដែល​បានឃើញ ព្រះរាជាណាចក្រ​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចំរើន​យ៉ាងខ្លាំង​ប្រកប ដោយ​ការឯកភាព បង្រួបបង្រួម​ជាតិ មាន​វប្បធម៌ សន្តិភាព ស្ថេរភាព សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ​។​

12