យុវជន​បាន​ម្នាក់​ស្លាប់ យ៉ាង​អាណោចអាធម៌ ដោយសារ​តែ​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​ពេញទំហឹង​

​ភ្នំពេញ​៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ដោយសារតែ​រូបគេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ទៅ​បុក​រថយន្ត​កា​មេ​រី​បា​ឡែន​ពេញទំហឹង ដែល​ហេតុការណ៍​នេះ​បាន​កើត ឡើង​កាលពី​វេលា​ម៉ោង​២១​នឹង​១៥​នាទី​យប់ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​សាលារៀន​ណត​ប្រ៊ីត តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។
​    ​
យោងតាម​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹង នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​កា​មេ​រី​បា​ឡែន​ពណ៍​ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-8682 ធ្វើដំណើរ​តាម​ផ្លូវ​លេខ ២០០៤ ក្នុង​ទិស​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុច​មុខ​សាលារៀន​ណត​ប្រ៊ីត ក៏​បត់​ឆ្វេង​បំរុង​ត្រឡប់ក្រោយ ភ្លាមៗ​នោះ​ស្រាប់តែ​មាន​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង​1D-8599 បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិសដៅ​ស្របគ្នា ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ពី​ចំហៀង​រថយន្ត​កា​មេ​រី​បា​ឡែន​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធម៌​នៅ​កន្លែងកើតហេតុ រីឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ ។
​    ​
សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ​មាន​    ​ឈ្មោះ ធឿន បូរ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ។ សមត្ថកិច្ច​បន្តថា ក្រោយពេល​កើត​សព​ជនរងគ្រោះ​ត្រូវបាន​យក​ទៅ​កម្ក​ល់​ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​យាន្ត​ជំនិះ​ទាំង​គ្រឿង​ត្រូវ​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ ទៅតាម​ផ្លូវច្បាប់ ៕

Untitled-1