រថយន្ត​មិន​ស្គាល់​ម៉ាក បើក​បុក​ម៉ូតូ​វីវ៉ា បណ្តាលឲ្យ​រងរបួស​ធ្ងន់​២​នាក់​

ភ្នំពេញ​៖ យុវជន​២​នាក់ បាន​រងរបួស​ធ្ងន់​ម្នាក់​របួស​បាក់ជើង និង​ម្នាក់​ទៀត របួស​បែកក្បាល​ត្រូវ​បាន​រថយន្ត សង្គ្រោះ​ដឹក​ទៅ មន្ទី​ពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​៣១០ ស្ថិតក្នុង​សង្កាត់បឹក​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៤ បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្តាល​1F-9548 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ខណៈ​ដល់​ចំណុច​ផ្លូវ​កែង​លេខ​៥១ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល​ម៉ាក​មួយ​គ្រឿង បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ ម្នាក់​របួស​បាក់ជើង​និង​ម្នាក់​ទៀត​របួស​បែកក្បាល​។​    ​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បឹ​ក​កែងកង​ទី​១ បណ្ណោះអាសន្ន​៕
Untitled-1