អគ្គិភ័យ​ឆាបឆេះ​កាប៊ីន​ភ្លើង​នៅ​ផ្លូវ​ជាតិ​លេខ ២ ផ្អើល​ប្រជាពលរដ្ឋ​រត់​ជាន់ជើងគ្នា

​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ កាប៊ីន​ជាប់​បង្គោល​ភ្លើង​មួយកន្លែង ស្ថិតនៅតាម បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​ឆ្លង​ចរន្ត​អគ្គិសនី ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល​ឆោម​ឡោ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​នោះ កាលពី​វេលា​ម៉ោង ២០​នឹង ៤០​នាទី​យប់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៤​។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ បានអោយដឹងថា ភ្លើង អគ្គិសនី​នៅ​តាម​ផ្លូវ​នេះ​តែងតែ ដាច់​ជា​ញឹកញាប់ នឹង​កាប៊ីន​ភ្លើង​នៅ​តាម​បង្គោល​ភ្លើង​ផ្សេងៗ​ក៏ ឆ្លង​ឆាបឆេះ បែក​ផ្កាភ្លើង​ស្ទើរ​រាល់ថ្ងៃ ប៉ុន្តែ​នៅ​ថ្ងៃនេះ​កាប៊ីន​ភ្លើង​នៅ​ជាប់​បង្គោល​មួយកន្លែង​ក្នុង​ភូមិ​សង្កាត់​ចាក់អង្រែលើ បាន​ឆ្លង​ចរន្ត​ផ្ទុះ​សេ​ខ្សែភ្លើង កើត​ជា​អណ្តាតភ្លើង យ៉ាង​សន្ធោសន្ធៅ ដែល​បង្ក​អោយ​បងប្អូន​រស់នៅ​ជិត​នោះ នាំគ្នា​ភ័យ​ស្លន់ស្លោ​យក​បំពង់​ពន្លត់​អគ្គិភ័យ​តាម​ផ្ទះ​នី​មួយៗ មក​អន្តរាគមន៍​បាញ់​ពន្លត់​ក្នុង​រយះពេល​ជាង កន្លះ​ម៉ោង ទើប​ទប់ស្កាត់​អោយ​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​រលត់​សូន្យសុង​ទៅ​វិញ​ភ្លាមៗ ពុំ​មាន​រាលដាល ធំដុំ ដល់​ខ្សែភ្លើង​ដទៃ នឹង​លំនៅឋាន​ប្រជាពលរដ្ឋ​ឡើយ ។
​    ​
ជុំវិញ​បញ្ហា​នេះ គេ​សង្កេតឃើញថា កើត​មាន​ញឹកញាប់​ណាស់​នៅក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​ប្រជាពលរដ្ឋ ទទូច ស្នើរ​ទៅ​មន្ត្រី​អគ្គិសនី​មេត្តា​មាន​វិធានការ​យ៉ាងណា ត្រូវ​ទប់ស្កាត់​អោយបាន ជៀសវាង​កើតមាន​ករណី​ដូច ពេល​នេះ​ទៀត ៕
1 2 Untitled-3