រថយន្ត​ព្រូស​បុក​ម៉ូតូ​វីវ៉ា បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​ ​

ភ្នំពេញ​៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ដោយសារ តែ​រថយន្ត​ព្រូស ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ទៅ​បុក​ចំ​ពេញទំហឹង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៩​នឹង​៤០​នាទី​យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៥៦ កែង​នឹង​ផ្លូវ​លេខ​១៣៥ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។​
​    ​
ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុ​កាណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ជា​មន្ត្រី​យោធា ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AG-2535 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​ព្រូ​ស ពណ៌​ស គ្មាន​ស្លាក​លេខ ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៥៦ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​វីវ៉ា​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​រង​របួសធ្ងន់ បាក់ជើង​ខាងស្តាំ​ម្ខាង និង​បែក​មុខ​បែក​មាត់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ ។
​    ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​មន្ត្រី​ជំនាញ ចុះ​ទៅ​ធ្វើកា​រវែង​ដល់​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​និង​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕
1 2