នគរបាល​ខណ្ឌ​ចំការមន​ឃាត់ខ្លួន​បាន​បក្ខពួក​មុខសញ្ញា​ក្រុមចោរឆក់ និង​ប្លន់​ម៉ូតូ​ពេល​យប់​បាន​ចំនួន ៤​នាក់

ភ្នំពេញ ៖ បក្ខពួក​ក្រុម​មុខសញ្ញា ធ្វើ​សកម្មភាព​ឆក់ និង​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ប្លន់​ពេលយប់ នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន ៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ចំការមន ធ្វើ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី ២៦ ខែ តុលា ឆ្នាំ ២០១៤ នៅ​សង្កាត់​បឹង​កេងកង​ទី​១ នឹង​នៅ​ចំណុច​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន បន្ទាប់​ពី​កម្លាំង​នគរបាល​កំពុង​ជិះ​ល្បាត​ឃើញ​សង្ស័យ  ។​

នគរបាល​មូលដ្ឋាន​បានអោយដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះ កៅ ភារុណ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ,​ទី​២.​ឈ្មោះ រស់ សុផល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៣.​ឈ្មោះ ហេង ពន្លឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​៤.​ឈ្មោះ អ៊ួ​ង ណា​រិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៤​នាក់​មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ នគរបាល​ខណ្ឌ​ចំការមន បានឱ្យដឹង​ថា​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ​នៅ​មាន​បក្ខពួក​ជាច្រើន​នាក់ ទៀត ហើយ​ពេលនេះ​កម្លាំង​នគរបាល​កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ ដែល​នៅ​សេសសល់​ទាំងអស់នោះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា មុខសញ្ញា​ចោរឆក់ និង​ប្លន់​ម៉ូតូ​ពេល​យប់​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១CQ1131 ត្រូវ​កម្លាំង​សមត្ថកិច្ច​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះឃើញ​មាន​ការសង្ស័យ ដេញចាប់​បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៦ តុលា ២០១៤ ខណៈ​ពួកគេ​ជិះ​ម៉ូតូ​គេច​ពី​ការ​តាម​ចាប់​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត បណ្តាលឱ្យ​ដួល​នៅ​ចំណុច​ផ្លូវ​៣៦០​កែង​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។ ហើយ​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​បន្ត ក្រោយ​សាកសួរ​ជនសង្ស័យ​៣​នាក់​ដែល​ឃាត់​មុន ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ដូច្នេះ​សមត្ថកិច្ច សម្រេច​កសាង សំណុំរឿង​ឃុំ​ខ្លួន​ពួកគេ​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​បញ្ជូនបន្ត​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

1