យុវជន​ម្នាក់​ត្រូវបាន​ក្រុម​ក្មេង​ទំនើង ៤​ម៉ូតូ ប្រដាប់​ដោយ​ដាវ​ស៊ាំ​រ៉ៃ និង​កាំបិតប៉័ងតោ​កាប់ បណ្តាលឲ្យ​រងរបួស ធ្ងន់

​ភ្នំពេញ ៖ យុវជន​ម្នាក់  ដែល​ជា​កម្មករសំណង់ រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ក្រុម​ក្មេង​ទំនើង​ប្រមាណ​៤​ម៉ូតូ ដែល​ប្រដាប់​ទៅ​ដោយ​ដាវ ស៊ាំ រ៉ៃ  និង​កាំបិតប៉័ងតោ  ធ្វើ​សកម្មភាព កាប់​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង ៣០​នាទី ថៃ្ង​ទី ២៤ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក ។

​យោងតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ធ្វើការ​សំណង់ កំពុង​ឈរ​នៅតាម​បណ្តោយ​ផ្លូវ​ខាង​លើ ខណៈពេល​នោះ ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង ដែល​សុទ្ធសឹងតែ​ជា​សិស្ស​មាន​គ្នា​ប្រមាណ ៤​ម៉ូតូ បាន​កាប់​ដាវ​ស៊ាំ រ៉ៃ និង​កាំបិតប៉័ងតោ គ្រប់​ដៃ  លើក​កាប់​ទៅលើ​ជនរងគ្រោះ ហើយ​ពេលនោះ​ជនរងគ្រោះ​ក៏​បាន​រត់​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជួយ ប៉ុន្តែ​ក្មេង​ទំនើង​ខាងលើនេះ មិន​បាន​ខ្លាចរអារ និង​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​នៅតែ​បន្ត​កាប់​ទៅលើ​ជនរងគ្រោះ​ដដែល ចំ​ក្បាល​ខាងស្តាំ​បណ្តាលឲ្យ​ហូរឈាម ស្រោច​ពេញ​ខ្លួនប្រាណ រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​មក​ក្មេង​ទំនើង​ទាំងអស់នេះ​បាន​ឡើង​ជិះ​ម៉ូតូ​ជិះ​រត់​គេចខ្លួន​បាត់​តែ​ម្តង  ចំណែក​ជនរងគ្រោះ​មិនទាន់​បាន​ស្គាល់​ពី​អត្តសញ្ញាណ​នោះ​ទេ មាន​វ័យ​ប្រហែល ២០​ឆ្នាំ ព្រោះ​ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ដឹក​តាម​ម៉ូតូ បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ធ្វើ​ការសង្គ្រោះ​និង​ព្យាបាល ៕

unnamed