រថយន្ត​កុងតឺន័រ បើក​គៀ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត បណ្តាលឲ្យ​រង​ការខូច​ខាត ហើយ​ព្យាយាម​បើក​រត់​ត្រូវ​រថយន្ត​រងគ្រោះ​ដេញ​ឃាត់​ជាប់​

ភ្នំពេញ​៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​បើក​លឿន គៀ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត បណ្តាលឲ្យ​រង​ការខូច​ខាត ហើយ​ព្យាយាម​បើក​រត់ តែ​ត្រូវ​បាន​រថយន្ត​រងគ្រោះ​ដេញ​ឃាត់​ជាប់ កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងលិច​រង្វង់​មូល​កាម​កូស៊ី​ធី តាម​បណ្តោយ​ផ្លូវ​ឧកញ្ញា ម៉ុង​រិទ្ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-1155 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧកញ្ញា ម៉ុង​រិទ្ធី ក្នុង​ទិស​ដី​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​បាន​បើក​វ៉ា​និង​គៀរ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត បណ្តាលឲ្យ​រង​ការខូច​ខាត​ផ្នែក​ខាង​មុខ​ជំ​ហៀ​ង​ខាងឆ្វេង ហើយ​រថយន្ត​កុងតឺន័រ ព្យាយាម​បើក​រត់​បាន​ប្រហែល​១០០​ម៉ែត្រ ត្រូវ​រងគ្រោះ ដេញ​ឃាត់​ជាប់ ។​
​    ​
ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង​បាន​ធ្វើ​ការសម្របសម្រួល ដោយ​ភាគី​ខាង​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​ទាមទា​សំណង​៤០០​ដុល្លារ តែ​ដោយ​ភាគី​ខាង​រថយន្ត​កុងតឺន័រ​មិន​ព្រម ក៏​ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
photo 1 photo 2