យុវជន​ម្នាក់​ជិះ​ម៉ូតូ បុក​រថយន្ត​ដឹកទំនិញ​ពីក្រោយ បណ្តាល​អោយ​ដួល​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង លឿន​ជ្រុល​ទៅ​បុក​គូទ រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ២១​នឹង ៥០​នាទី​យប់​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៤ ។​
​    ​
ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ធុន​ធំ ដឹកទំនិញ មួយ​គ្រឿង​ពេញ​លើ​រថយន្ត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ឆ្ពោះ​ឡើង​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ក្នុង​បំណង​ចូល​ទៅ​ផ្លូវ​ជាតិ​លេខ ១ ប៉ុន្តែ​ខណៈ​ដល់​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក សេដេ ពណ៌​ទឹកប្រាក់ យ៉ាង​លឿន​ជាន់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​គូទ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ពីក្រោយ ពេញទំហឹង​បណ្តាលអោយ​យុវជន​ម្ចាស់​ម៉ូតូ​ដួល​របួស​ធ្ងន់ធ្ងរ ។ ចំណែក​ម៉ូតូ រង​ការខូចខាត ហើយ​ម្ចាស់​រថយន្ត​ពេល​ដឹង​មាន​គ្រោះថ្នាក់ ក៏​ចុះ​ពី​លើក​រថយន្ត​រត់គេច​ខ្លួន ដោយ​ទុក​រថយន្ត​ចោល​នៅ​នឹង​កន្លែងកើតហេតុ ។
​    ​
បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ហៅ​រថយន្ត​សាមុយ​បង្អែក​ខណ្ឌ​ច្បារអំពៅ ចុះ​អន្តរាគមន៍​ដឹក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ នឹង​រថយន្ត​ដឹកទំនិញ​រួម​ជាមួយនឹង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​៕
photo 1 photo 2 photo 3