មេបញ្ជាការ កងអនុសេនាធំ​ស៊ើបអង្កេត នៃ​អង្គភាព​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ ត្រូវ​កូនចៅ ទាញ​កាំបិត​ខ្វែវ កាប់សម្លាប់​យ៉ាង​សាហាវ​

​បន្ទាយ​មានជ័យៈ នាយទាហាន​ម្នាក់ មាន​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ត្រី និង​ជា​មេបញ្ជាការ កងអនុសេនាធំ​ស៊ើបអង្កេត នៃ​អង្គភាព​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ ត្រូវបាន​កូនចៅ​របស់​ខ្លួន​ទាញ​កាំបិត​ខ្វែវ កាប់សម្លាប់​យ៉ាង​សាហាវ ខណៈ​នាយទាហាន​រូបនោះ បាន​ទៅ​ឃាត់​ជនល្មើស ដែល​កំពុង​វាយ​ប្រពន្ធ ហើយ​ជនល្មើស​ក្រោយ​ពី​បង្កហេតុ បាន​រត់គេចខ្លួន​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​៧:១០​នាទី យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុង​បន្ទាយ​កងទ័ព​កងពល​តូច​លេខ​៥១ ស្ថិតនៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ជប់​វា​រី បាន​ប្រាប់ឲ្យដឹង​ថា ក្រោយពី​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ធ្វើ​ការត្រួតពិនិត្យ​សព​ជនរងគ្រោះ​ត្រូវ​ជនល្មើស​កាប់​ត្រូវ​ចំ​កញ្ចឹងក មួយកន្លែង និង​ត្រូវ​ចំ​ថ្ពាល់​ស្តាំ​មួយកន្លែង ដេកស្លាប់​ក្នុង​ថ្លុកឈាម​។​

​ជនរងគ្រោះ មានឈ្មោះ ង៉ែត គង់​រិទ្ធ អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង បច្ចុប្បន្ន​ធ្វើការ និង​ស្នាក់នៅ​ក្នុង​បន្ទាយ​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ចំណែក​ជនល្មើស​ឈ្មោះ តែ ប៊ុនធឿន អាយុ​៤១​ឆ្នាំ ជា​ពលទាហាន មាន​ឋានន្តរស័ក្តិ​ព្រិន្ទបាលឯក​។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ឲ្យដឹងថា មុនពេល​កើតហេតុ ជនល្មើស​បាន​ឈ្លោះប្រកែក​វាយ​ប្រពន្ធ​របស់​ខ្លួន នៅពេលនោះ ប្រពន្ធ​ក៏​ប្តឹង​រាយការណ៍​តាម​ទូរស័ព្ទ​ទៅ​ប្រាប់​លោក ឡុង សា​វន ជា​នាយ​លេខាធិការ​កងពលតូច​ថ្មើរជើង​លេខ​៥១​។ បន្ទាប់​មក​ទំនងជា​លោក ឡុង សា​វន បញ្ជា​ទៅ​ជនរងគ្រោះ ង៉ែត គង់​រិទ្ធិ ឲ្យទៅ​មើលកូនចៅ​ឈ្លោះ​គ្នា ទើប​គេ​ឃើញ​ឈ្មោះ ង៉ែត គង់​រិទ្ធ បាន​ចុះ​មកដល់​ផ្ទះ​ជនល្មើស​។ ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​ទៅ​ណែនាំ​ជនល្មើស តែ ប៊ុនធឿន ជា​កូនចៅ​កុំឲ្យ​ធ្វើបា​បវាយ​ប្រពន្ធត​ទៅ​ទៀត ប៉ុន្តែ​ឈ្មោះ តែ ប៊ុនធឿន មិន​ស្តាប់ ក៏​ត្រូវ​ជនរងគ្រោះ​ទះ​២​កំផ្លៀង​។​

​ក្រោយមក​នៅ​ខណៈ​ពេល​ជនរងគ្រោះ​កំពុង​តែ​ឈរ​និយាយ​ជាមួយ​ប្រពន្ធ​ជនល្មើស ហើយ​បម្រុង​ដើរ​ត្រឡប់​ទៅ​កន្លែង​វិញ ក៏​ត្រូវ​ជនល្មើស​ដើរ​ចូល​ក្នុង​ផ្ទះ​ទាញ​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ ពីក្រោយ​ត្រូវ​២​កាំបិត បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ក្រោយពី​កើតហេតុ​ជនល្មើស​រត់​ចូល​ក្នុង​ផ្ទះ​ទាញ​ខោ​អា​រត់គេចខ្លួន ដោយ​ទម្លាក់​កាំបិត​ខ្វែវ​ចោល​នៅ​ចម្ងាយ​កន្លែងកើតហេតុ​ប្រហែល​១០០​ម៉ែត្រ​។​

​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនល្មើស ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​គេ​ដឹកបញ្ជូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕
bcmsoldier23-10-14-23-October-2014-12-13-12-19574